ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ
ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុននាំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ទោ អ៊ុ ឈៀងលី មេបញ្ជាការផ្នែកសឹករងស្ទោង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ៣គ្រួសារ ដែលអគ្គីភ័យឆេះផ្ទះ ៣ខ្នងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ ស្ថិតនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ ។
ជនរងគ្រោះ ដោយសារអគ្គីភ័យឆេះផ្ទះ របស់គាត់គឺដោយសារការឆ្លងចរន្តអគ្គិសនី ហើយគាត់មិនបាននៅក្នុងផ្ទះទេ ជាប់ប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិត អគ្គីភ័យក៏បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ២ខ្នងបន្ថែមទៀត លោកស្រី ឡាត់ ឈឿន អាយុ ៥៩ឆ្នាំ មានកូន ៦នាក់ នៅក្នុងបន្ទុក ទ្រព្យសម្បត្តិទាំងអស់ត្រូវអគ្គីភ័យលេបត្របាក់អស់គ្មានសល់ បច្ចុប្បន្នក្រុមគ្រួសារគាត់ទាំងបី ពុំមានអ្វីដែលនៅសេសសល់ឡើយ គឺនៅសល់តែសម្លៀកបំពាក់ មួយចង្កេះម្នាក់តែប៉ុណ្ណោះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចូលរួមសោកស្ដាយនូវការបាត់បង់ដ៏ធំធេងនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ច ជៀសវាងមានអគ្គីភ័យឆាប់ឆេះផ្ទះបន្តទៀត ដោយមិនត្រូវធ្វេសប្រហែសឡើយ មុនចេញដំណើរក្រៅផ្ទះ ត្រូវបិទប្រព័ន្ធអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន និងទៀនធូបផ្សេងៗ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយក្នុងក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ត្រីខកំប៉ុងមួយយួរ និងថវិកាមួយចំនួនផងដែរ ៕
ដោយ ប៊ុន រដ្ឋា