ឯកឧត្តម សាយ សំអាល់ បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវយកបណ្ណាល័យថ្មីនេះ ជាកន្លែងបណ្តុះគំនិត និងការយល់ដឹងថ្មីៗ ជាជំនួយសម្រាប់ការរៀនសូត្រអោយបានពូកែ រៀនអោយចេះ រៀនដើម្បីអាចធ្វើការបានច្បាស់លាស់
ខេត្តកំពង់ចាម ៖ ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅបណ្ណាល័យ – បន្ទប់តម្រង់ទិសវិជ្ជាជិវៈ នៃវិទ្យាល័យជីហៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវយកបណ្ណាល័យថ្មីនេះ ជាកន្លែងបណ្តុះគំនិត និងការយល់ដឹងថ្មីៗ ជាជំនួយសម្រាប់ការរៀនសូត្រអោយបានពូកែ រៀនអោយចេះ កុំរៀនដើម្បីយកតែលេខ១ ត្រូវរៀនដើម្បីអាចធ្វើការបានច្បាស់លាស់ ។ សមិទ្ធិផលថ្មីទាក់ទងវិស័យអប់រំនេះ គឺបានរួមចំណែកដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយអ្វីដែលសំខាន់គឺការបន្តចូលរួមកសាងសមិទ្ធិផល រក្សាមរកតទុកជូនអ្នកជំនាន់ក្រោយៗ ជាពិសេសការកសាងសន្តិភាពបានស្ថិតស្ថេរ។


ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការនឹករលឹកពីសំណាក់សម្តេចវិបុលសេនា សាយ ឈុំ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយបានជម្រុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រអោយបានកាន់តែពូកែ ក្តាប់យកការរៀនជំនាញអោយពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើបានច្បាស់លាស់។


ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងវត្តមាន លោកឧកញ៉ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ទិ នាយកអង្គការស៊ីប៉ា ។ ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភជាថវិកាពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និង អតីតសិស្សនៃវិទ្យាល័យជីហែ និងការចូលរួមពីមូលនិធិគីណាល់ ការងារជួសជុលអគារ សម្រាប់ប្រើជា បណ្ណាល័យត្រូវបានចាប់ផ្តើមដំណើរការ កាលពីខែមេសា ឆ្នាំ២០១៩។
អតីតបន្ទប់សិក្សាចំនួន៤ ដែលមានសភាពទ្រុឌទ្រោមទៅហើយនោះត្រូវបានជួសជុសកែលម្អឲ្យក្លាយទៅជា បណ្ណាល័យ និងសាលប្រជុំ ត្រូវបានចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ ដែលការជួយឧបត្តម្ភដ៏ថ្លៃថ្លារបស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។


ដោយមានបំណងផ្តល់ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើបដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យ ក្នុងវិជ្ជាជីវៈ ស្ថាបនិកគម្រោងបានស្នើសុំទៅអង្គការស៊ីប៉ា និងក្រុមហ៊ុនខ្សែកាប Passerelle Numérique ឲ្យចូលរួមជួយកែលម្អទីតាំង និងបំពាក់គ្រឿងបរិក្ខារចាំបាច់សម្រាប់ការអាន និងការស្រាវជ្រាវរបស់ សិស្សានុសិស្ស។


កម្មវិធី Nomad Lap ដែលបង្កើតឡើងដោយក្រុមហ៊ុនខ្សែកាប Passerelle Numérique នៅកម្ពុជា ដោយសហការជាមួយអង្គការស៊ីប៉ា ក្នុងបំណងផ្ដល់ឲ្យមានការអភិវឌ្ឍន៍ខ្លួនឯង និងការតម្រង់ទិសវិជា្ជជីវៈ ដល់យុវសិស្ស ត្រូវបានដាក់បញ្ចូលទៅក្នុងថេបប្លែតចំនួនប្រាំបីគ្រឿងដែលងាយស្រួលប្រើប្រាស់ ហើយ នៅក្នុងកម្មវិធីនោះមានបួនម៉ូឌុលជាភាសាខ្មែរដែលទាក់ទងនឹងប្រធានបទការយល់ដឹងដោយវិចារណញាណ និងការស្វែងយល់ពីខ្លួនឯង ការគ្រប់គ្រង និងហិរញ្ញវត្ថុ។


ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា បណ្ណាល័យថ្មីនេះ ជាឱកាសនិងជាកន្លែងឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត ហើយអ្វីដែលសំខាន់សម្រាប់ការសិក្សា នោះគឺត្រូវគោរពវិន័យសាលា និងមានវិន័យខ្លួនឯង ទំលាប់រៀនសូត្រ ទំលាប់ការអាន ដើម្បីធ្វើអោយមានគំនិតថ្មីៗរហូត ។


ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ការផ្ទេរចំណេះដឹងទៅវិញទៅមក និងបំប៉ននូវចំណេះដឹងជាភារកិច្ចចាំបាច់បំផុតដែលត្រូវធ្វើពីជំនាន់មួយ ទៅជំនាន់មួយ ព្រោះចំណេះដឹងរបស់ប្រជាជនសំខាន់បំផុតសម្រាប់បណ្តាប្រទេសទាំងអស់លើពិភពលោក ហើយដើម្បីធ្វើអោយមានការអភិវឌ្ឍប្រទេសជាតិបាន គឺការបណ្តុះធនធានមនុស្សអោយបានច្រើន ហើយការអានសៀវភៅបានច្រើន គឺធ្វើខ្លួនយើងចងចាំបានច្រើន មិនងាយភ្លេច ធ្វើអោយខួរក្បាលថ្មីរហូត ។ ដូច្នេះត្រូវរួមគ្នាថែរក្សាបណ្ណាល័យនេះអោយបានល្អ ហើយជួយជម្រុញអោយមានការអានសៀវភៅបានកាន់តែច្រើន រួមជាមួយការសិក្សាស្រាវជ្រាវ ស៊ីជម្រៅ នោះបានបង្ហាញពីការចេះដឹងរបស់ប្រជាជន ៕ ដោយ៖លី ពៅ