នាយករដ្ឋមន្ត្រីកម្ពុជា ៖ ប្រជាពលរដ្ឋអាចដើរកម្សាន្ដដោយរីករាយ ក្នុងបុណ្យចូលឆ្នាំខ្មែរ គ្រាន់តែឆ្នាំនេះគឺសាំងឡើងថ្លៃ
ភ្នំពេញ ៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២នេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃទី១៤-១៦-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ អាចដើរលេងកម្សាន្ដដោយរីករាយ គ្រាន់តែឆ្នាំនេះ សាំងឡើងថ្លៃ ហើយការឡើងថ្លៃនេះ គឺដោយសារតែសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសុខាភិបាល នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះផងដែរ ។
សម្ដេច មានប្រសាសន៍ដូច្នេះថា ឆ្នាំនេះ ចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋយើងដើរលេង ដែលយើងខកខានរយៈ ២ឆ្នាំរួចទៅហើយ។ គ្រាន់តែជាអកុសល ឆ្នាំនេះ នៅពេលដែលបងប្អូនជនរួមជាតិរបស់យើងធ្វើដំណើរដើរលេង គឺសាំងវាឡើងថ្លៃធំជាងគេ តែមិនមែនកូវីដទេ តែគឺសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ឯណោះទៅវិញទៅទេ។
សម្ដេចតេជោ បានបន្ដថា ប៉ុន្ដែយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរ ក៏មានឱកាសដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ សម្ដេចថា តាមដឹងខេត្តព្រះសីហនុ និងសៀមរាប ភ្ញៀវទេសចរណ៍ បានកក់សណ្ឋាគារ រួច សម្រាប់ដើរលេងកម្សាន្ដ នាឱកាសពិធីចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេច នឹងអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប។ សម្ដេច ក៏បានលើកឡើងពីសមត្ថភាពនៃព្រលានយន្តនេះថា នឹងអាចទទួលយកយន្តហោះខ្នាតធំៗចុះចតបាន ៕ ដោយ វណ្ណលុក





