សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជា ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃ ទី ២៨ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថា ប្រទេសរុស្សី ឬប្រទេសណាទេ កម្ពុជា ប្រឆាំងដាច់ខាតចំពោះការឈ្លានពានរបស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត ដែលនេះជាមូលហេតុដែលកម្ពុជា បោះឆ្នោតប្រឆាំងនឹងសង្គ្រាមរុស្សី នៅអ៊ុយក្រែន។
ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សម្តេច មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែនបាននោះទេ ព្រោះអ៊ុយក្រែងមាននាយឧត្តមសេនីយជាច្រើនរូប ទោះអត់មានប្រធានាធិបតីក៏ដោយ ។
សម្តេចនៅតែមានជំនឿថា ជម្រើសចុងក្រោយរវាងរុស្ស៊ី និងអ៊ុយក្រែន គឺការឈប់បាញ់ ហើយភាគីទាំង២ នឹងមានដំណោះស្រាយអាចទទួលយកបាន។ សម្តេចបន្តថា សម្តេច នៅតែឈរខាងអ៊ុយក្រែន ដោយមិនគាំទ្រលើកាប្រើប្រាស់កំលាំងនោះទេ៕ ដោយ វណ្ណលុក





