ប្រមុខការទូតអាមេរិក៖ លោក បៃដិន គ្មានបំណងផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ឬប្រទេសផ្សេងនោះឡើយ
វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិកថ្លែងថា លោកប្រធានាធិបតី ចូ បៃដិន មិនមែនមានន័យថា ស្នើឱ្យទីក្រុងវ៉ាស៊ីនតោនមានបំណងបណ្តេញលោក វ្ល៉ាឌីមៀ ពូទីន ចេញពីតំណែងជាមេដឹកនាំរុស្ស៊ីនោះទេ ដោយឈរលើការអះអាងពីមុនថា អាមេរិកមិនមានយុទ្ធសាស្ត្រចម្លែកលើរបបដឹកនាំក្រុងម៉ូស្គូនោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យនៅទីក្រុងហ្សេរុយសាឡឹមប៉ុន្មានម៉ោងបន្ទាប់ពីលោក បៃដិន បានថ្លែងសុន្ទរកថា ដ៏រំជួលចិត្តនៅទីក្រុង Warsaw អំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បៃដិន បាន និយាយអំពីលោកប្រធានាធិបតី ពូទីន ថា សម្រាប់ជាប្រយោជន៍របស់ព្រះ… បុរសម្នាក់នេះមិនអាចបន្តកាន់អំណាចបានទេ។
លោក ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំគិតថា លោកប្រធានាធិបតី និងសេតវិមានបានបង្កើតចំណុចមួយកាលពីយប់មិញថា និយាយឱ្យសាមញ្ញ លោកប្រធានាធិបតី ពូទីន មិនអាចទទួលបានអំណាចដើម្បីធ្វើសង្រ្គាម ឬចូលរួមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ឬនរណាម្នាក់ផ្សេងទៀតបានទេ។ ដូចដែលអ្នកបានដឹង… ហើយដូចដែលអ្នកបានឮ… យើងនិយាយម្តងហើយម្តងទៀត យើងមិនមានយុទ្ធសាស្រ្តផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ឬប្រទេសផ្សេងទៀតនោះទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក បៃដិន ដោយនិយាយថា វាមិនអាស្រ័យលើប្រធានាធិបតីអាមេរិក និងមិនអាស្រ័យលើជនជាតិអាមេរិកក្នុងការសម្រេចចិត្តថា តើអ្នកណានឹងបន្តកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ីនោះទេ មានតែជនជាតិរុស្សីខ្លួនឯងទេ ដែលបោះឆ្នោតឱ្យប្រធានាធិបតីរបស់ពួកគេ ទើបអាចសម្រេចចិត្តបាន៕ ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា



