ប្រធានសមាគមន៍កីឡាវាយកូនគោល ក្រសួងមហាផ្ទៃ លើកឡើងថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង រៀបចំដោយគោរពតាមគោលការណ៍អូឡាំពិក
ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ឆ្នាំ២០២២ ដែលរៀបចំ ដោយ សមាគមន៍កីឡាវាយកូនគោលក្រសួងមហាផ្ទៃ នៅទីលានវឌ្ឍនៈ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ជាមួយស្នាមញញឹម និងសាមគ្គីភាព ។
ឯកឧត្តម មៀច សុផាន់ណា ប្រធានសមាគមន៍កីឡាវាយកូនគោលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ឆ្នាំនេះ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៤០នាក់ មកពីស្ថាប័នរដ្ឋ និងឯកជន ចែកចេញជា២វិញ្ញាសា គឺវិញ្ញាសាប្រកួតជាក្រុមមានចំនួន២៣ក្រុម វិញ្ញាសាប្រកួតជាឯកក្តជន៧១នាក់ ។
ឯកឧត្តម បានគូបញ្ជាក់ថា ពានរង្វាន់នេះ រៀបចំឡើង ក្នុងគោលបំណងបង្កើតបរិយាកាសជួបជុំសប្បាយរីករាយផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកីឡាករវាយកូនគោលក្រសួងមហាផ្ទៃ និងកីឡាករជាតិ និងអន្តរជាតិ ពិសេសចូលរួមចំណែកជម្រុញឲ្យវិស័យកីឡាវាយកូនគោល នៅកម្ពុជា អោយកាន់តែផុសផុល និងអភិវឌ្ឍដូចបណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម មៀច សុផាន់ណា អះអាងថា ការប្រកួតនេះ បានរៀបចំដោយឈរលើគោលការស្មារតីអូឡាំពិក មិនគិតសំខាន់លើការឈ្នះ និងចាញ់នោះទេ ពោលចូលរួមឲ្យប្រកួតប្រកបដោយកិត្តិយស មិត្តភាព និងការគោរពគ្នាទៅវិញទៅមក ។ ឯកឧត្តម បន្ថែមទៀតថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អាចដំណើរការបាន ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹម ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនិជាតិ និងអន្តរជាតិ ពិសេសគឺ ក្រុមហ៊ុនដៃគូឧបត្ថមគាំទ្រ ធ្វើឲ្យព្រឹត្តិការណ៍នេះ បញ្ចប់ដោយរលូន និងជោគជ័យ ។
គួរបញ្ជាក់ថា សម្រាប់លទ្ធផលការប្រកួត ពាន Gross Score លេខ១ កីឡាករ ស សិទ្ធិ លេខ២ កីឡាករ ស ថេត លេខ ៣ កីឡាករ ឈិន ច័ន្ទសង្ហា ។ ពាន Net Score: 1លេខ១ កីឡាករ អេង រតនា លេខ២ កីឡាការិនី កែ ពេជ្រឆរវី លេខ៣ កីឡាករ លី ហុង។ ពានក្រុម Team Winner លេខ១ បានលើក្រុម កីឡករ មុក ម៉ារេត ,កីឡាករ ជា បូរ៉ា និងកីឡាករ គិត សុផា ៕ អត្ថបទ៖ ជាវ ចន្ធូ













