សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើផ្លូវការអគារមជ្ឈមណ្ឌលទំនើបផ្នែក ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃប្រមាណ ៨លានដុល្លារអាមេរិក ព្រមទាំងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះ អង្គឌួង ឱ្យល្អប្រសើរមួយកម្រិតទៀត។ អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA ។

អាគារត្រចៀកច្រមុះបំពង់កមិត្តភាពកម្ពុជា-កូរ៉េ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាសមិទ្ធផលទី២ ដែលបានកើតឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ បន្ទាប់ពីជំនួយទី១ នៅមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ។ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនេះ មានផ្នែកពិនិត្យជំងឺក្រៅ ឱសថស្ថាន បន្ទប់ធ្វើតេស្តការស្តាប់ បន្ទប់ព្យាបាល បន្ទប់ពិគ្រោះ បញ្ជរបង់ប្រាក់ កន្លែងផ្តល់ ព័ត៌មាន និងបន្ទប់សន្និសីទ មានគ្រែសរុប ១២៨គ្រែ។ មន្ទីពេទ្យព្រះអង្គដួង ជាគ្រឹះស្ថានសាធារណៈ មានបុគ្គលិកទាំងអស់ ៤០៩នាក់, ស្ត្រី ២០៤នាក់, ក្នុងនោះមានមន្ត្រី បុគ្គលិក ក្របខណ្ឌ ២១៦នាក់ និងមន្ត្រីជាប់កិច្ចសន្យា ១៨៣នាក់ ។

ឯកឧត្តម ផាក ហឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល មន្ទីរពេទ្យព្រះអង្គដួង និងកយការ (Koika) បានធ្វើការយ៉ាងជិតស្និតក្នុងរយៈពេល ៥ឆ្នាំ លើគម្រោងការកសាងសមត្ថភាព នៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ និងបំពង់ក ក្នុងមន្ទីពេទ្យព្រះអង្គដួងនេះ មានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាពក្នុងវិស័យត្រចៀក ច្រមុះ និងបំពង់ក នៅកម្ពុជា ហើយគម្រោងនេះត្រូវបានអនុវត្តសមស្របទៅនឹងស្ថានភាពរបស់ប្រទេសកម្ពុជាដែលហៅថាតម្រូវការក្នុងការព្យាបាលផ្នែកត្រចៀកច្រមុះបំពង់កបាននិងកំពុងកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ឯកឧត្តម ផាក ហឹងឃ្យុង បានបន្តថា ការបង្កើតអាគារត្រចៀកច្រមុះនិងបំពង់កមិត្តភាពកម្ពុជាកូរ៉េនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ហើយគម្រោងនេះក៏រួមបញ្ចូលផងដែរនៃការកសាងសមត្ថភាពផ្នែកបច្ចេកទេសសម្រាប់វេជ្ជបណ្ឌិតបុគ្គលិកពេទ្យដើម្បីឲ្យគេធានាបាននូវដំណើរការដោយរលូន ដែលវាជាផ្លែផ្កានៃទំនាក់ទំនងដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរ វាងកម្ពុជា និងកូរ៉េ។ សម្តេចពិតជារីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ ដូចជាផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ សម្តេចបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ សម្ដេចបានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាថា៖ ខ្ញុំ អំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើផ្ទេរបច្ចេកវិទ្យាទាំងឡាយដែលកូរ៉េមាន សម្រាប់គ្រូពេទ្យរបស់កម្ពុជាយើង ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត។ សម្ដេច ក៏បានសម្ដែងក្ដីរីករាយដែលមនី្ទរពេទ្យព្រះអង្គឌួង ដាក់ឲ្យដំណើរប្រព័ន្ធឌីជីថល។ សម្ដេចថា កូរ៉េ គឺជាប្រទេសមួយ ដែលជឿនលឿនក្នុងបច្ចេកវិទ្យាព័ត៌មាន ដូច្នេះដំណើរតាមដំណើរប្រព័ន្ធឌីជីថល នៅក្នុងមន្ទីរពេទ្យនេះ មិនមែនជារឿងចំឡែកសម្រាប់កូរ៉េទេ ប៉ុន្ដែជារឿងថ្មីសម្រាប់កម្ពុជា ដែលជាផ្នែកដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គម សម្រាប់ពិភពលោកបច្ចុប្បន្ន ។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិនៃគ្រោះថ្នាក់ភ្នែករបស់សម្ដេច និងបញ្ហាត្រចៀករបស់សម្ដេចដែលកើតឡើងដោយសារស្នូរកាំភ្លើងក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលគិតរបស់មកដល់ពេលនេះជាង ៤០ឆ្នាំមកហើយ។ សម្ដេច បានថ្លែងថា ទៅថ្ងៃខាងមុខ សម្ដេចអាចនឹងមកពេទ្យអង្គឌួងដោយផ្ទាល់ ដើម្បីពិនិត្យជាទៀតទាត់។

សម្ដេច មានប្រសាសន៍ថា ឆ្នាំនេះ ចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋយើងដើរលេង ដែលយើងខកខានរយៈពេល ២ឆ្នាំរួចទៅហើយ។ គ្រាន់តែជាអកុសល ឆ្នាំនេះ នៅពេលដែលបងប្អូនជនរួមជាតិរបស់យើងធ្វើដំណើរដើរលេង គឺសាំងវាឡើងថ្លៃធំជាងគេ តែមិនមែនកូវីដទេ តែគឺសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ឯណោះទៅវិញទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរ ក៏មានឱកាសដើរលេងកម្សាន្ដនៅទូទាំងប្រទេស ហើយសម្ដេច នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេស អនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យ យកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។

សម្តេចតេជោបានថ្លែងទៀតថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។ សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា ព្រោះកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពានពីអតីតកាល ដូច្នេះកម្ពុជា មិនគាំទ្រការឈ្លានពាននោះឡើយ។ សម្តេចមានប្រសាសន៍ថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានតែបទចរចាមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលផ្នែកសុខាភិបាល នៃមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីរពេទ្យនេះ ចាប់ពីពេលនេះតទៅ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner