ក្រុមហ៊ុន ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំងពីរដួង ព្រមជាមួយការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈផ្លូវការទាំង២ដួង គឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលនឹងបន្តកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈ និងកញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈសម្រាប់ជីប ម៉ុង លែន ខុនដូ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាដ រ៉េស៊ីដិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងពិធីនោះ លោក តេង កុយ ទ្រី ប្រធានជាន់ខ្ពស់ផ្នែកលក់ ក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា ដោយមើលឃើញពីទេពកោសល្យ និងការចូលចិត្តស្រលាញ់ពីសំណាក់មហាជន ការជ្រើសរើសអ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា ស៊ីន យូប៊ីន ជាទូតតំណាងសុច្ឆន្ទៈក្រុមហ៊ុន ជីប ម៉ុង លែន គឺជាជម្រើសដ៏ស័ក្តិសម។ ស្របនឹងការស្វាគមន៍វត្តមានទូតសុច្ឆន្ទៈទាំងពីរដួងចូលមកក្នុងគ្រួសារ ជីប ម៉ុង លែន នេះ ក្រុមហ៊ុនក៏បានប្រកាសនូវការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនផងដែរ។
អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានបន្តបំពេញភារកិច្ចជាទូតសុច្ឆន្ទៈនេះរយៈពេលពីរឆ្នាំទៅមុខទៀត។ ទន្ទឹមគ្នា កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហាញក្តីរំភើប ដែលត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈសម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ប្រណីត ហើយថា បានត្រៀមខ្លួនជាស្រេចក្នុងការផ្សព្វផ្សាយ និងចូលរួមសកម្មភាពនានារបស់ជីប ម៉ុង លែន។
អ្វីដែលពិសេសនោះ ដើម្បីចូលរួមអបអរសាទរវត្តមានរបស់ទូតសុឆន្ទៈទាំងពីរដួង ជីប ម៉ុង លែន មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនទាំងអស់ ដោយក្នុងនោះរួមមានការបង់រំលស់ដោយឥតការប្រាក់រហូតដល់ ១៥ខែ សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់របស់ ជីប ម៉ុង លែន (លើកលែង ផាក លែន ខុនដូ ធីខេ)។ សម្រាប់ ផាក លែន ខុនដូ ធីខេ អតិថិជនបន្តបង់ឥតគិតការប្រាក់រហូតដល់ ៣៦ខែ ត្រឹមតែ ៤០០ដុល្លារជាងតែប៉ុណ្ណោះក្នុងមួយខែ៕ ដោយ៖ ឈឹម ទីណា










