លោកម៉ាក្រុងព្រមានប្រឆាំងនឹងការបង្កើនភាពតានតឹង បន្ទាប់ពីលោកបៃដិននិយាយថាលោកពូទីន «មិនអាចបន្តកាន់អំណាច»
កាលពីថ្ងៃអាទិត្យ ទី២៧ មិនាប្រធានាធិបតីបារាំងលោកអេម៉ានូអែល ម៉ាក្រុង បានព្រមានប្រឆាំងនឹងការបង្កើនភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ប្រធានាធិបតីអាមេរិកលោកចួ បៃដិន និយាយថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនថាជា «អ្នកកាប់សាច់» ដែល «មិនអាចបន្តកាន់អំណាច» ទៀតទេ។
«ខ្ញុំនឹងមិនប្រើពាក្យប្រភេទនេះទេ ព្រោះខ្ញុំបន្តពិភាក្សាជាមួយលោកប្រធានាធិបតីពូទីន» លោកម៉ាក្រុង និយាយបែបនេះនៅលើប៉ុស្តិ៍ទូរទស្សន៍ France 3 ហើយបន្តទៀតថា៖ «យើងចង់បញ្ឈប់សង្គ្រាមដែលរុស្ស៊ីបានចាប់ផ្ដើមនៅអ៊ុយក្រែនដោយមិនបង្កការតានតឹងបន្ថែមទៀត ដែលនោះគឺជាគោលដៅ»។
គោលដៅចម្បងរបស់លោកគឺ «ដំបូងសម្រេចបាននូវបទឈប់បាញ់» ហើយបន្ទាប់មក «ការដកទ័ពទាំងស្រុង» នៃកងទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែន តាមរយៈ «មធ្យោបាយការទូត»។ លោកម៉ាក្រុងនិយាយថា៖ «ប្រសិននេះជាអ្វីដែលយើងចង់ធ្វើ យើងមិនគួរបង្កើនភាពតានតឹងទេ ទាំងពាក្យសម្ដី ឬសកម្មភាព»។
កាលពីថ្ងៃសុក្រលោកម៉ាក្រុងនិយាយថាលោកនឹងបន្តការចរចាជាមួយលោកពូទីនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកជម្លៀសជនស៊ីវិលពីក្រុងម៉ារីអូប៉ូល ដែលស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី និងបានរងការបាញ់ផ្លោងដំណំ។ កិច្ចខិតខំប្រឹងប្រែងបង្កើតច្រកនេះមុនៗ បានបរាជ័យរួចទៅហើយ។
យ៉ាងណាមិញ រឿងនេះបានកើតឡើងខណៈពេលដែលកំពុងរៀបចំធ្វើការបោះឆ្នោតប្រធានាធិបតីជុំទីមួយនៅថ្ងៃទី ១០ មេសា ហើយប្រសិនបើគ្មានអ្នកឈ្នះការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ២៤ មេសា។ នៅថ្ងៃអាទិត្យដដែល បេក្ខជនស្ដាំនិយមលោកស្រីម៉ារីន ឡឺប៉ែនបាននិយាយថាលោកស្រីគាំទ្រវិធីសាស្ត្ររបស់លោកម៉ាក្រុង ដោយពិពណ៌នាថាការលើកឡើងរបស់លោកបៃដិន គឺ «ពាក្យសំដីចាក់ប្រេងលើភ្លើង»។ លោកស្រីបន្ថែមថា «ការដែលប្រធានាធិបតីនៃសាធារណរដ្ឋមិនចូលរួមក្នុងការបង្កើនភាពតានតឹងគឺជារឿងល្អ»៕