ប្រមុខរាជរដ្ឋាភិបាលបកស្រាយជុំវិញការវិភាគខុសអំពីជំហរកម្ពុជាក្នុងរឿងសង្គ្រាមអ៊ុយក្រែន (Video Inside)
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមនូវគោលជំហររបស់ខ្លួនជុំវិញការចួលរួមជាអន្តរជាតិ បោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ីដាក់មកលើប្រទេស អ៊ុយក្រែន។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងពិធីសម្ពោធអគារសុខាភិបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួងថ្ងៃទី២៨មីនានេះ បានថ្លែងថាមានការវិភាគថាការដែលកម្ពុជាបោះឆ្នោតប្រឆាំងនឹង រុស្ស៊ីគឺដោយសារមូលហេតុចំនួន៤ ទី១កម្ពុជាមិនមាននាវាចម្បាំងមុជទឹក, ទី២ កម្ពុជាមិនមាន យន្តហោះ Mig, ទី៣ ការខ្វះកាតព្វកិច្ចយោធា និងទី៤ ដោយសារកងទ័ពរបស់កម្ពុជាដែល សំបូរដោយឧត្តមសេនីយ៍មានក្បាលពោះធំ។ ការវិភាគទាំងនេះ មានន័យថាដោយសារតែ កម្ពុជាខ្សោយលើសមត្ថភាពយោធាហើយ ទើបចូលរួមធ្វើការបោះឆ្នោតនៅអង្គការសហប្រជា ជាតិប្រឆាំងនឹងរុស្ស៊ីនោះ។
សម្តេចតេជោ ហ៊ុន សែន បានបដិសេធការវិភាគទាំងនោះ និង បញ្ជាក់ថាតាំងពីដំបូងមក គឺ កម្ពុជាមានគោលជំហរប្រឆាំងចំពោះប្រទេសណាមួយក៏ដោយ ដែលអាងអំណាចធ្វើបាប មកលើប្រទេសតូច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសរុស្ស៊ីដែលជាមិត្តរបស់កម្ពុជានឹងយល់អំពីជំហរ របស់កម្ពុជាដែលបោះឆ្នោតប្រឆាំងរុស្ស៊ីដែលបានធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែននោះ។ សម្តេចបញ្ជាក់ថាកម្ពុជាធ្លាប់ជាប្រទេសដែលរងនូវអំពើឈ្លានពានបរទេស ដូច្នេះ កម្ពុជាត្រូវតែ ថ្កោលទោសចំពោះអ្នកដែលប្រព្រឹត្តអំពើឈ្លានពាន។
សម្តេចបានថ្លែងថាការគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែនគឺស្មើនឹងការគោរពដែនអធិប តេយ្យភាពរបស់កម្ពុជាដូចគ្នា។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាកម្ពុជានាបច្ចុប្បន្នមិនត្រូវការ រកការទិញនាវាចម្បាំងមុជទឹកឬយន្តហោះចម្បាំងប្រយុទ្ធនោះទេ, កម្ពុជាត្រូវការរក្សាទុកលុយ ដើម្បីការអភិវឌ្ឍន៍ប្រទេសដូចជាកសាងផ្លូវថ្នល់, សាលារៀន និងមន្ទីរពេទ្យជាដើម។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងរំពឹងថារុស្ស៊ីនឹងអ៊ុយក្រែននឹងអាចស្វែងរកជំហររួមគ្នាមួយនៅក្នុង ការជួបចរចាគ្នាដើម្បីឈានទៅបំបាត់សង្គ្រាមនាពេលអនាគត។