ក្រុមប្រទេស G7 ច្រានចោលការទាមទារឱ្យប្រើប្រាស់លុយរូបល្ល៍ទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី
ប៊ែរឡាំង ៖ អនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck នៅថ្ងៃចន្ទថ្លែងថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬ (G7) ព្រមព្រៀងគ្នាច្រានចោលការទាមទាររបស់រុស្ស៊ី ក្នុងការទូទាត់ថ្លៃចែកចាយឧស្ម័នគិតជាប្រាក់រូបល្ល៍ ជំនួសឱ្យរូបិយប័ណ្ណដុល្លារអាមេរិក។
ការទាមទាររបស់រុស្ស៊ីគឺជាការបំពានឯកតោភាគី និងបំពានលើកិច្ចសន្យាដែលមានស្រាប់។ នេះបើតាមលោក Habeck ដែលជារដ្ឋមន្ត្រីអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ បាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញថ្នាក់រដ្ឋមន្ត្រីថាមពលប្រទេស G7 ។ បច្ចុប្បន្ន អាល្លឺម៉ង់កំពុងធ្វើជាប្រធាន G7។ លោក Habeck បញ្ជាក់ថា កិច្ចសន្យាដែលត្រូវបានបញ្ចប់គួរតែបន្តអនុវត្ត និងថា ការទូទាត់ជាប្រាក់រូបល្ល៍គឺមិនអាចទទួលយកបានទេ ដោយលោកជំរុញឱ្យក្រុមហ៊ុនពាក់ព័ន្ធកុំធ្វើតាមការទាមទាររបស់រុស្ស៊ី។
សូមរំលឹកផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីសប្តាហ៍មុនថា ការចែកចាយឧស្ម័នទៅកាន់ប្រទេសអមិត្តមួយចំនួន ដែលទិញឧស្ម័នរបស់រុស្ស៊ី ឥឡូវនេះនឹងត្រូវបង់ជាប្រាក់រូបល្ល៍វិញ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា



