គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន ធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់កិច្ចចរចាសន្តិភាព
អ៊ីស្តង់ប៊ុល៖ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានមកដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់ជុំថ្មីនៃកិច្ចចរចាសន្តិភាពទល់មុខគ្នា ក្នុងគោលបំណងសម្រេចឱ្យបាននូវវឌ្ឍនភាពយ៉ាងច្រើនដើម្បីបញ្ចប់វិបត្តិ។
គណៈប្រតិភូរុស្ស៊ីបានស្នាក់នៅសណ្ឋាគារ Ciragan Palace Kempinski ខណៈដែលគណៈប្រតិភូអ៊ុយក្រែនស្នាក់នៅសណ្ឋាគារ Shangri-La Bosphorus ដែលទីតាំងទាំងពីរនេះនៅជិតគ្នា ក្នុងសង្កាត់ Besiktas។
បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ការមកដល់របស់គណៈប្រតិភូអ៊ុយក្រែនត្រូវបានពន្យារពេលដល់ម៉ោងល្ងាច ដោយសារតែការបិទដែនអាកាសអ៊ុយក្រែននិងបញ្ហាភស្តុភារមួយចំនួន។ យោងតាមទូរទស្សន៍ NTV ប្រតិភូអ៊ុយក្រែនត្រូវទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក មុនពេលធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។
បើតាមការគ្រោងទុកនោះ កិច្ចចរចាជុំថ្មីនៅថ្ងៃអង្គារនេះ នឹងចាប់ផ្តើមឡើងនៅម៉ោង១០៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅការិយាល័យការងារប្រធានាធិបតីតួកគី Dolmabahce ក្នុងសង្កាត់ Besiktas ។ ជាមួយគ្នានេះ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់គណៈប្រតិភូនៅឯពិធីបើកកិច្ចប្រជុំនោះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា



