ភ្នំពេញក្រោន យកឈ្នះ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ១៣ទល់០ ឡើងគ្រងជើងឯកលីគបាល់ទាត់នារីកម្ពុជា រដូវកាលទី២ ឆ្នាំ២០២១
ពេញ៩០នាទី ក្រុមបាល់ទាត់នារីភ្នំពេញក្រោនធ្វើបានយ៉ាងល្អ រហូតក្លាយជាម្ចាស់ជើងឯក លីគបាល់ទាត់នារីកម្ពុជា សម្រាប់រដូវកាលទី២ ឆ្នាំ២០២១ ក្រោយយកឈ្នះ ក្រុមនារីបាត់ដំបង ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១៣ទល់០ ។
ប្រកួតចុងក្រោយដណ្តើមពានរង្វាន់ខាងលើ វគ្គទី១ ក្រោន សម្រុកខ្លាំងៗ ដោយបានស៊ុតបញ្ចូលទី ក្រុមនារីបាត់ដំបង ៧ទល់០ ។ ឈានចូលវគ្គទី២ រុមនារីបាត់ដំបង នៅតែគ្មានឧកាសតបតវិញ សូម្បីមួយគ្រាប់ ខណៈភ្នំពេញក្រោន មិនបង្អង់យូរ បន្ថែមគ្រាប់ចំនួន៦ទៀត យកឈ្នះក្រុមនារីបាត់ដំបង ដោយលទ្ធផល១៣ទល់ ០។
១៤ប្រកួត នៃបាល់ទាត់លីគនារីកម្ពុជានេះ ភ្នំពេញក្រោន ធ្វើបានល្អដោយចាញ់តែមួយប្រកួត និងឈ្នះ១៣ប្រកួត ។
ជាមួយនឹងជ័យលាភីជើងឯកនេះ ភ្នំពេញក្រោន ក៏ទទួលបានរង្វាន់ជាច្រើនផងដែរ ។ គ្រូបង្វឹក ម៉ៅ សាវីន ទទួលបានជាគ្រូបង្វឹកល្អជាងគេ ។ កីឡាការិនី មាក់ ស្រីរ័ត្ន អ្នកចាំទីភ្នំពេញក្រោន ជាប់ជាអ្នកចាំទីល្អប្រចាំរដូវកាល ខណៈ បាន ជាវៃ ខ្សែប្រយុទ្ធក្លិបនេះ ជាប់ជា កីឡាការិនីស៊ុតបញ្ចូលទីច្រើនជាងគេ ។
ណាហ្គាវើលដ៍ ជាជើងឯករងរដូវកាល២០២១ ហើយក៏ជាក្រុម Fair Play ។ ស្របពេលជាមួយគ្នានេះ កីឡាការិនី យ៉ុន យ៉ើន របស់ណាហ្គាវើលដ៍ ជាប់ជាកីឡាការិនីល្អជាងគេ ។ ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះ មន្ទីរ អ.យ.ក ខេត្តកណ្ដាល ក្នុងលទ្ធផល ៧-០ ។
រំលឹកដែរថា រដូវកាល២០២០ ភ្នំពេញក្រោន បានត្រឹមចំណាត់ថ្នាក់លេខបី ប៉ុណ្ណោះ ខណៈ ជើងឯក បានទៅលើ ព្រះខ័នរាជ ស្វាយរៀង និង ណាហ្គាវើលដ៍ ។ ក្រុមទាំងពីរ ក្លាយជាម្ចាស់ជើងឯកស្ទួន នៃលីគនារីកម្ពុជា។ មូលហេតុកាលណោះ ការប្រកួតជើងឯកនេះ ប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ក្នុងចំណោមក្រុមទាំង១០ ដែលចូលរួម ហើយសម្រេចយកបួនក្រុម ដែលមានពិន្ទុច្រើនជាងគេប្រកួតគ្នាទៀត ។
ដោយសារផ្ទុះកូវីដ-១៩ កាន់តែធ្ងន់ធ្ងរកាលនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចលុបការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ដោយឲ្យក្រុមទាំងពីរ ក្លាយជាជើងឯកស្ទួន នៃលីគបាល់ទាត់នារី ២០២០ នៅរដូវកាលដំបូងតែម្ដង ៕
ចាន់ វិចិត្រ













