រយៈពេលពីរខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េមានទឹកប្រាក់ជិត ២០០លានដុល្លារ
ភ្នំពេញ ៖ យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita) បានបង្ហាញថា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់ជាង ១៩៥លានដុល្លារ កើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ខណៈការនាំចូលពីកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០ ភាគរយ។
ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២២ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ១៩៥,១២លានដុល្លារ កើនឡើងពីចំនួន ១៥៨,៩៤ លានដុល្លារនៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ឬស្មើនឹងកំណើន ២២,៧៦ ភាគរយ។ ក្នុងនោះការនាំទំនិញពីកូរ៉េមកកម្ពុជាមានទឹកប្រាក់ ១៣០,៥៧លានដុល្លារ កើនឡើង ៣៩,១ ភាគរយពីចំនួន ៩៣,៩០លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅទីផ្សារកូរ៉េ មានទឹកប្រាក់ ៦៤,៥៥លានដុល្លារ ធ្លាក់ចុះ -០,៨ ភាគរយ ពីចំនួន ៦៥,០៥លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា កម្ពុជា និងកូរ៉េ ក្រៅពីមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយ និងពាណិជ្ជកម្ម កម្ពុជា ក៏មានពលករខ្លួនជាច្រើននាក់កំពុងបម្រើការនៅប្រទេសកូរ៉េផងដែរ។ ទំនាក់ទំនងទាំងនេះបានធ្វើឱ្យកំណើននៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ កើនឡើងជាលំដាប់ ពិសេសចាប់ពីឆ្នាំ២០២២នេះតទៅ។
លោកបន្តថា ក្រៅពីការវិនិយោគរបស់ជនជាតិកូរ៉េ ដែលកំពុងមានភាគច្រើននៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ការវិនិយោគលើវិស័យផ្សេងៗទៀត ពិសេសវិស័យកសិកម្មត្រូវបានរំពឹងថា នឹងមានកំណើនខ្ពស់ចាប់ពីពេលនេះតទៅ។ បើតាមលោក លឹម ហេង ទំនិញសំខាន់ៗដែលកម្ពុជានាំទៅទីផ្សារកូរ៉េមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម។ ចំណែកផលិតផលដែលកម្ពុជានាំចូលមកវិញរួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិកជាដើម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំង ២ មានទឹកប្រាក់សរុប ៩៥៦,១៣ លានដុល្លារ កើនឡើង ៨ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមាន ៨៨៥,៣២លានដុល្លារ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ដោយ៖ ឈឹម ទីណា