លោកស្រី ទេព ម៉ូណា សង្ឃឹមថា អត្តពលិកជម្រើសជាតិកីឡាជិះសេះកម្ពុជា អាចប្រជែងមេដាយបាន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះសង្ឃឹមថា ការពង្រឹងសមត្ថភាពអត្តពលិកដោយការរៀបចំជាព្រឹត្តិការណ៍ប្រកួតបែបនេះ វាហ្នឹងជួយបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមកីឡាករ កីឡាការិនីជិះសេះ សម្រាប់ត្រៀមខ្លួនដណ្តើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងការដាក់សន្ទស្សន៍ មេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍ក្រោយបញ្ចប់ ការប្រកួតកីឡាជិះសេះផ្លោះរបារនៅទីលាន CCC រាជធានីភ្នំពេញ នាពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លោកស្រី ទេព ម៉ូណា បានបញ្ជាក់ថា ការប្រកួតនេះបែងចែកជាពីរ គឺសម្រាប់អត្តពលិក ធម្មតា និងអត្តពលិកជម្រើសជាតិ ជារួមរៀងរាល់៦សប្តាហ៍ យើងតែងវាសកម្រិតសមត្ថភាពអត្តពលិក ។ លោកស្រី ប្រធានសហព័ន្ធបន្តថា មកដល់ពេលនេះ សហព័ន្ធកំពុងប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់សម្រាប់ជួយជំរុញសមត្ថភាពអត្តពលិក ដោយនាំយកគ្រូបរទេសមកពីបារាំង និងគ្រូខ្មែរដែលមានបទពិសោធន៍បង្ហាត់ទាំងសេះ និងកីឡាករ កីឡាការិនី ដើម្បីបន្សាំឲ្យយល់ចិត្តគ្នា ។
លោកស្រី ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ទោះបីសីហ្គេម លើកទី៣១ នៅវៀតណាម ផ្ទះមិនដាក់ យ៉ាងណាក្តី ក៏សហព័ន្ធបានត្រៀមរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងស្រុក នាឆ្នាំ២០២២ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែមានសក្តានុពលប្រជែងដណ្តើមយកមេដាយមាសឲ្យបានពីស៊ីហ្គេមឆ្នាំ២០២៣ តាមផែនការ ដែលសហព័ន្ធដាក់ទិសដៅ ។បច្ចុប្បន្ន ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជាមានចំនួន៧នាក់ ដែលអាចជិះសេះផ្លោះរបារកម្ពស់ ១ម៉ែត្រ។ ពេលនេះគឺសហព័ន្ធកំពុងបង្ហាត់សេះផង បង្រៀនមនុស្សផង ដែលនេះជាឧបសគ្គដល់ទៅ២។
សហព័ន្ធបាននាំចូលពូជសេះមកពីប្រទេសបារំាងបាន១ខែចុងក្រោយនេះ ហើយសេះទាំងនោះអាចលោតបានកម្ពស់ ៧០សង់ទីម៉ែត្រ ហើយនាពេលខាងមុខ សហព័ន្ធសង្ឃឹមថា សេះនាំចូលពីប្រទេសបារំាងទាំងនេះនឹងអាចស៊ាំនឹងការលោតផ្លោះរបារកម្ពស់១ម៉ែត្រ ខណៈសេះរបស់កម្ពុជាមួយចំនួនអាចលោតផ្លោះរបារ ១,១០ម៉ែត្រ ទៅ ១,២០ម៉ែត្រ។ ទោះយ៉ាងនេះ ក្តី លោកស្រី ទេព ម៉ូណា សង្កត់ធ្ងន់ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបន្ស៊ាំសេះ និងកីឡាករ កីឡាការិនីអាចធ្វើបានរួមគ្នា ក្នុងអារម្មណ៍ដ៏ស្ងប់ស្ងាត់ជាមួយគ្នា ក្នុងការបញ្ជាលោតឆ្លងកាត់ឧបសគ្គ១២របារ។
សូមបញ្ជាក់ថា ចំពោះលទ្ធផលការប្រកួតវិញ្ញាសារកីឡាជិះសេះផ្លោះរបារ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនី Norodom Amrita លេខ២បានទៅលើកីឡាករ Kiri Chantola លេខ៣ បានទៅលើកីឡាការិនី Niamh និងលេខចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករ Kong Rothanak ៕
សារ៉ាន ទីងី