សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ ល្វី មូស៊ីគីវ៉ាបូ ( Louise MUSHIKIWABO) បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទទួលដំណើរទស្សនកិច្ច ប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។
លោកជំទាវ អគ្គលេខាធិការអង្គការ OIF បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា គឺមានការរីកចម្រើន ហើយអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង។
នៅក្នុងជំនួបរវាងអ្នកវិនិយោគមកពី ២៤ប្រទេស ជាមួយនឹងអ្នកវិនិយោគកម្ពុជា លោកជំទាវ បានជម្រាបជូនសម្ដេចតេជោថា គឺបានទទួលលទ្ធផលល្អណាស់ មានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ផងដែរ។
លោកជំទាវ បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា គោលបំណង របស់ក្រុមប្រតិភូអង្គការ OIF មកកាន់កម្ពុជានៅពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និង និរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យនៃជំនួបរវាង អ្នកវិនិយោគមកពីបណ្ដាលប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា ។
សម្ដេចតេជោបាន មានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ។ ប្រទេសយើង និងតំបន់ យើងមានសក្ដានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ, យើងគប្បីរួមគ្នា បង្កឱកាសចាប់យកសក្ដានុពលទាំងឡាយណាដែលយើងមាន ដើម្បីមិនត្រឹមតែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថា ទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនលោកជំទាវ ល្វី ថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចចង់បាន គឺជំរុញការអនុវត្ត អាហ្វតា(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងទេសចរណ៍ក្នុងតំបន់អាស៊ាន មានដំណើរការប្រក្រតីឡើងវិញ ។
សូមជម្រាបថា បើតាម ក្រសួងការបរទេស លោកស្រី Louise Mushikiwabo អញ្ជើញ មក បំពេញ ទស្សនកិច្ច ផ្លូវការ នៅ ព្រះរាជាណាចក្រ កម្ពុជា ចាប់ពី ថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដែល ទស្សនកិច្ច នេះ ធ្វើឡើង តប តាម ការអញ្ជើញ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ។
បេសកកម្ម សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហ្វ្រ ង់ កូ ហ្វូ នី លើកដំបូង នៅ អាស៊ីអាគ្នេយ៍ ដែល សហការ រៀបចំ ដោយ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និង អង្គការ OIF មានបំណង លើកកម្ពស់ ជំរុញ និង សម្រួល ដល់ ការផ្លាស់ប្តូរ ពាណិជ្ជកម្ម នៅក្នុង តំបន់ សេដ្ឋកិច្ច ហ្វ្រ ង់ កូ ហ្វូ ន តាមរយៈ កិច្ចសហប្រតិបត្តិការ ថ្មី រវាង ប្រទេស កម្ពុជា និង ស្ថាប័ន ហ្វ្រ ង់ កូ ហ្វូ ន ។
នៅក្នុង អំឡុងពេល ស្នាក់នៅ រាជធានី ភ្នំពេញ លោកស្រី ល្វី ស មូ ស៊ី គី វ៉ា បូ នឹង អញ្ជើញ ដាក់ កម្រងផ្កា នៅ មណ្ឌល តម្កល់ ព្រះ បរម រូប ដើម្បី គោរព វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ បរម រតន កោដ្ឋ ដែលជា បិតា ស្ថាបនិក មួយរូប ក្នុងចំណោម បិតា ស្ថាបនិក នៃ អង្គការ OIF៕ ដោយ វណ្ណលុក