គណកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកកិច្ចប្រជុំជាមួយគ្រូបង្វឹកជម្រើសជាតិ ដើម្បីស្វែងរកយុទ្ធសាស្រ្ត ត្រៀមចូលរួមអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
គណកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយគ្រូបង្វឹកជម្រើសជាតិជាលើកដំបូង ក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិជនពិការ លើ១១ប្រភេទកីឡា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិឡាំពិកកម្ពុជា ។
កិច្ចប្រជុំខាងលើដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីពិភាក្សាពិគ្រោះយោបល់លម្អិត ស្វែងរកការឧបត្ថមសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិថ្មី និងចាស់ ជាពិសេសរកយុទ្ធវិធី និងយុទ្ធសាស្រ្តបង្វឹកអត្តពលិកជន ត្រៀមចូលរួមប្រកួតជាលក្ខណជាតិ និងអន្តរជាតិ ជាពិសេសចូលរួមប្រជែងមេដាយស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ជូនកម្ពុជា ។
ឯកឧត្តម អគ្គលេខាធិការ បន្តថា កិច្ចប្រជុំនេះដែរ គឺជាឪកាសដ៏ល្អមួយ និងចាំបាច់ដែលកម្ពុជា ត្រូវរៀបចំកីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស អោយមានសក្តានុពល ដើម្បីចូលរួមដុះខាត់យុទ្ធសាស្រ្ត ចិត្តសាស្ត្រ សមត្ថភាពជំនាញវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន នៅឥណ្ឌូនេស៊ី ជាព្រឹត្តការណ៍ចុងក្រោយ មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីយកចំណេះដឹងមកដឹកនាំធ្វើ នៅឆ្នាំ២០២៣ ជាគន្លឹះ និងចំនុចខ្លាំង អោយទទួលបានជោគជ័យទាំងការរៀបចំ និងការដណ្តើមមេដាយជូនកម្ពុជា ។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីគ្រូបង្វឹក គ្រូជំនួយលើ១១ប្រភេទកីឡាជនពិការ ដើម្បីកំណត់ចំនួនអោយបានច្បាស់ ត្រៀមចូលរួមប្រកួតអាស៊ាប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ។ កីឡាទាំង១១ប្រភេទនោះ មាន អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជនពិការភ្នែក វាយសី លើកទម្ងន់ បាញ់ធ្នូ អុក បាល់ទាត់៧ម្ខាង និងបាល់បោះរទេះ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ត្រូវបានប្រទេសឥណ្ឌូនេស៊ី ស្នើសុំធ្វើជាម្ចាស់ផ្ទះជំនួសក្រោយវៀតណាមសម្រេចលុបចោល នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាត្រៀបញ្ជូន១១ប្រភេទកីឡា ។ ដោយលែកសម្រាប់ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជា ដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥និងសំរិទ្ធ ៕ ចាន់ វិចិត្រ