ព្រះមហាក្សត្រកោតសរសើរការដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសបើកសម័យប្រជុំលើកទី៧នីតិកាលទី៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយនៅក្នុងនោះព្រះអង្គបានសម្តែងព្រះទ័យពេញចិត្តចំពោះលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន។ ព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយនិងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវធ្វើឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។ សមិទ្ធផលទំាងអស់នេះបានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ព្រះករុណាជីវិតតម្កល់លើត្បូង បានកោតសរសើរចំពោះការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មកម្លំាងកាយ កម្លំាងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

ព្រះអង្គក៏បានសម្តែងបីតិសោមន្សរីករាយជាខ្លំាង ដោយតំាងពីចុងឆ្នាំ២០២១មក ក្រោមការដឹកនាំនិងគ្រប់គ្រងដ៏វៃឆ្លាតនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានទទួលនូវជ័យជម្នះយ៉ាងត្រចេះត្រចង់ក្នុងការប្រយុទ្ធ ដើម្បីបង្រ្កាបនូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជ័យជម្នះនេះបានធ្វើឱ្យរាល់សកម្មភាព នៃសង្គមជាតិបានងើបឡើងវិញ ហើយចាប់ដំណើរការងាររបស់ខ្លួនគ្រប់វិស័យ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ឧត្តមប្រយោជន៍ដែលប្រជាជាតិទទួលបានទំាងអស់នេះ នាំឱ្យប្រជារាស្រ្តកម្ពុជាក៏ដូចជា ព្រះអង្គមានការពេញចិត្ត ពេញព្រះទ័យណាស់ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ។

សូមជម្រាបថា នៅក្នុងសម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈចំនួន៤មាន៖
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។
៣- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

ជាការកត់សម្គាល់ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ បានតាក់តែងឡើងស្របទៅតាមនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ទីផ្សារនាំចេញកសិផល ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករក៏ដូចជាវិស័យកសិកម្មរបស់ជាតិ៕
ដោយ៖ពលជ័យ

ads banner