គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ននៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំង ប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៦២២ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។

ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្ត ចំនួន ១៩ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោត កំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។

តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃ.សប ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជន ចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់ គណបក្សនយោបាយ។

សូមជម្រាបជូនថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បី អាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជន ផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។

គួរបញ្ជាក់ថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈ ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយដាក់ពាក្យសុំចំនួនន១៧ ៕ ដោយ ៖ អ៊ិត រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner