អគ្គលេខាធិការ NOCC អះអាងថា ព្រឹត្តិការណ៍អន្តរជាតិស្តេចប្រដាល់អង្គររៀបចំនៅសៀមរាប មិនផ្តោតសំខាន់លើលទ្ធផលឈ្នះឬចាញ់ ប៉ុន្តែផ្តោតលើការផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា
ព្រឹត្តិការណ៍ប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ស្តេចប្រដាល់អង្គរ ដែលគ្រោងរៀបចំនៅសៀមរាប នាថ្ងៃទី១០ មេសា ឆ្នាំ២០២២ខាងមុខនេះ ត្រូវបាន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំមិនផ្តោតលើលទ្ធផលឈ្នះឬចាញ់នោះទេ ពោល គឺកម្ពុជាផ្តោតជាសំខាន់ គឺជាការផ្សព្វផ្សាយកីឡាគុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មិនមែនជាការប្រកួតស៊ីសាច់ហុតឈាមនោះទេ វាជាព្រឹត្តិការណ៍ប្រកួត ដើម្បីចូលរួមជម្រុញការផ្សព្វផ្សាយកីឡាគុនខ្មែរ ដើម្បីឲ្យប្រទេសនៅក្នុងតំបន់អាស៊ានជ្រោជ្រាបពីគុនខ្មែរ ហើយ មកចូលរួមប្រកួតនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។មួយវិញទៀតព្រឹត្តិការណ៍ប្រកួតមួយនេះ ក៏ជាការចូលរួមចំណែកផ្តល់ឱកាសឲ្យកីឡាករកម្ពុជាដែលហ្វឹកហាត់ឃីតបុកស៊ីង និងគុនខ្មែរ បានដុសខាត់សមត្ថភាពសម្រួចទៅកាន់ស៊ីហ្គេមនៅប្រទេសវៀតណាមផងដែរ។
ឯកឧត្តម អគ្គលេខាធិការ បន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតខាងលើនេះ ទទួលបានការឯកភាពពីសម្តេច តេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យគណៈកម្មាការធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធជំនាញរៀបចំ ដើម្បីផ្សព្វផ្សាយ ដោយភ្ជាប់ជាមួយនិងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេមនៅសៀមរាប នាថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២២ ក្នុងគោលដៅស្វែងរកការគាំទ្រជាអន្តរជាតិសម្រាប់កីឡាអត្តសញ្ញាណជាតិ ដើម្បីឲ្យប្រតិភូមកចូលរួមកិច្ចប្រជុំបញ្ជូនអត្តពលិកមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។
លោក CHEN YAHONG ប្រធានក្លិបLOONGHAI បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដែលកម្ពុជានិងចិនបង្កើតឡើងនាពេលនេះ វាបានបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន រយៈពេលរាប់ពាន់ឆ្នាំមកនេះ ហើយ វាក៏បានបង្ហាញអំពីសមិទ្ធផលថ្មីក្នុងពេលបច្ចុប្បន្ននេះផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្ហាញនូវប្រាសាទអង្គរវត្តដែលជាដើមកំណើតក្បាច់គុនខ្មែរ។ លោក សង្ឈឹមជឿជាក់ថា ការប្រកួតលើកនេះ នឹងអាចកក់ត្រាចូល ប្រវត្តិសាស្រ្តបាន។ លោក បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងនាំឲ្យភ្ញៀវទេសចរណ៍ចិនជាច្រើនចូលមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីវប្បធម៌ប្រដាល់នៅប្រទេសកម្ពុជា ហើយក៏ជម្រុញឲ្យក្បាច់គុនខ្មែរដែលជាកីឡាអត្តសញ្ញណរបស់ព្រះរាជាណាចកម្ពុជាល្បីល្បាញ់នៅក្នុងប្រទេស និងពិភពលោកផងដែរ។តាមរយៈព្រឹត្តិការណ៍កីឡាមួយនេះ នឹងជម្រុញឲ្យវិស័យទេសចរណ៍និងវិស័យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ពិសេស បានផ្តល់នៅអត្ថន័យថ្មីមួយសម្រាប់ប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់មិត្តភាពអន្តរជាតិ ស្តេចប្រដាល់អង្គរ នឹងរៀបចំនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២២ ដែលមានចំនួន១០គូរ ប្រកួតវិញ្ញសាឃីតបុកស៊ីង៨គូរ និងគុនខ្មែរចំនួន២គូរ ៕អត្ថបទ៖ ជាវ ចន្ធូ