សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ដែលនឹងរីករាយជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។
តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ ។
សម្ដេច ក៏បានណែនាំដល់ក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺតូវីដ-១៩ផងដែរ ។
នៅក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូប ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីសួស្តីមង្គល និងវិបុលសុខជារៀងដរាបតទៅ ៕ ដោយ វណ្ណលុក