ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ដ្រីរាជការ និងយុទ្ធជនចូលនិវត្តន៍ ឱ្យបានកើនខ្ពស់ជាងមុន
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ឱ្យបានកើនខ្ពស់ជាងមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឲ្យបានកើនខ្ពស់ជាងមុន ដើម្បីបង្កើនល្បឿន នៃការភ្ជិតគម្លាតប្រាក់សោធននិវត្តន៍រវាង អ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ដថា ជាមួយគ្នានេះ ប្រាក់សោធននិវត្តន៍ ត្រូវបើកជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ឱ្យបានទៀងទាត់ ដើម្បីពួកគាត់អាចយកថវិកានេះ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា។
លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច បានខិតខំបំពេញបេសកកម្មយ៉ាងជោគជ័យដោយប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋនៅឆ្នាំ២០២១ បានចំនួន ១២៤.០២% លើសផែនការ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ព្រមទាំងសម្រេចបានកំណើន នៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ បើធៀបនឹង ៣ខែ ដើមឆ្នាំ២០២១ ៕ ដោយ វណ្ណលុក