រថយន្ត LEXUS LX570 បុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់២កង់ ហើយត្រូវបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងរងរបួសស្រាល
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្ត lexus lx 570 មួយគ្រឿងគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមកពីក្រោយវាក់អើបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២នៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើប lexus lx 570 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា SN-56788 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតមកខាងឆ្វេងដៃគេចពីម៉ូតូមួយគ្រឿងក៍ជ្រុលទៅបុករបាំថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ ចំណែករថយន្តខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួច ភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីលេត មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GW-6318 ធ្វើដំណើរមកពីក្រោយវ៉ាក់អើជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់ បានឲ្យម្ចាស់រថយន្តសម្របសម្រួលជាមួយម្ចាស់ម៉ូតូបន្ទាប់មកម្ចាស់រថយន្តបានជូនលុយចំនួន ២០០ដុល្លារទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង ចំណែករថយន្តបង្ក ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា