សម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសរើសមធ្យោបាយធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសមធ្យោបាយធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ជាមួយនឹងរូបភាពមួយចំនួន ដែលបង្ហាញថា សម្ដេចកំពុងនៅក្នុងរថយន្តធ្វើដំណើរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកផេកដែថា៖ ដំណើរទៅខេត្តសៀមរាប ដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ក្នុងទីរួមខេត្តនិងពិនិត្យអាកាសយានដ្ឋានថ្មី ដែលបាននិងកំពុងសាងសង់។ អរគុណសន្តិភាព!។
សូមជម្រាបថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២៤គីឡូម៉ែត្រ បានសាងសង់ស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស និងទៅតាមប្រភេទខ្សែផ្លូវ ដូចខាងក្រោម៖ ផ្លូវប្រភេទទី១-ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥សង់ទីម៉ែត្រ (AC-Overlay)។ ផ្លូវប្រភេទទី២-ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែ កម្រាស់ ២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៧សង់ទីម៉ែត្រ ពីលើ។ ផ្លូវប្រភេទទី៣-ជាផ្លូវដែលមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ។ ផ្លូវប្រភេទទី៤-ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។
គម្រោងខ្សែផ្លូវទាំង ៣៨ខ្សែនេះ បានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋមកបណ្តាញលូមេ រួមទាំងការងាររៀបចំប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ។ ការអនុវត្តគម្រោងខាងលើ ក៏បានរួមបញ្ចូលផងដែរនូវការងារស្តារ និងកែលម្អដងស្ទឹងសៀមរាប ចាប់ពីស្ពានរ៉ោករ៉ាក ដល់អាងក្រពើ មានប្រវែងសរុប ៩០៥០ម៉ែត្រ ដែលបានស្ថាបនាដោយគិតគូរយ៉ាងល្អិតល្អន់លើប្លង់ស្ថាបត្យកម្ម ប្លង់នគរូបនីយកម្ម និងរចនាបថរបស់ខ្មែរដែលរក្សាបាននូវតម្លៃវប្បធម៌ជាតិ ពិសេសគឺធានាបាននូវការមិនប៉ះពាល់ដល់វត្ថុបុរាណដែលមាននៅក្នុងស្ទឹង។ ការងារស្តារ និងកែលម្អដងស្ទឹងសៀមរាបនេះ រួមមាន៖ រៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់បណ្តោះអាសន្នតាមដងស្ទឹង, ស្តារភក់ពីបាតស្ទឹង, រៀបចំច្រាំងទប់ដីមិនឱ្យបាក់ច្រោះតាមដងស្ទឹង, ស្តារនិងកែសម្រួលជម្រាលដងស្ទឹង, សម្អាតនិងពង្រាបដី, ចាក់បំពេញដីតាមមាត់ស្ទឹង, រៀបចំបង្វែរទឹកកខ្វក់មិនឱ្យហូរចូលស្ទឹង, ចាក់បេតុង និងក្រាលថ្មក្រានីត, រៀបចំខឿនអង្គុយកម្សាន្ត រួមទាំងការងារដាំកូនឈើ ស្មៅជប៉ុន រុក្ខជាតិ និងផ្កាលម្អប្របមាត់ស្ទឹង។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ សាងសង់ដោយអង្គភាពរដ្ឋចំនួន ៨ ។ គម្រោងនេះ បានចំណាយថវិកាអស់ ១៤៩,២១៦លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ៕ ដោយ វណ្ណលុក