គ.ជ.ប ប្រកាសលទ្ធផលនៃសវនាការជាសាធារណៈលើ បណ្ដឹងតវ៉ការសុំចុះបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២
ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ វេលា ម៉ោង ៩នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែល មាន សមាសភាពប្រាំបួនរូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយ សំណុំ រឿងលេខ ១៤៧ ដែលជាបណ្ដឹងតវាការសុំចុះបញ្ជី បេក្ខជន គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
ក្នុងសំណុំរឿងលេខ ១៤៧ ដើមបណ្តឹងឈ្មោះ ស ឡុងដេត ភេទប្រុស កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៩ មានទីលំនៅ ផ្ទះ លេខ៣២០ ផ្លូវ១០M សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ជាតំណាងគណបក្សភ្លើងទៀន បានប្តឹងតវ៉ា ទៅ នឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការ បោះឆ្នោត រាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជន ឈរ ឈ្មោះបោះឆ្នោតរបស់ គណបក្សភ្លើងទៀន នៅសង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងសវនាការ អវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹង រួមនឹងបេក្ខជន ១៨នាក់ ពាក់ព័ន្ធសំណុំរឿងខាងលើ។ ក្រោយពីបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្ដឹងរួចមក ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានពិនិត្យពិចារណាគ្រប់ អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាម ច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បាន សម្រេច តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀប ចំការបោះឆ្នោតរាជធានីភ្នំពេញ ៕ដោយ៖រ៉ាវុធ