លាតត្រដាងការពិត ! អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់អំពីការលុបបញ្ជីបេក្ខជនខ្លះរបស់គណបក្សភ្លើងទៀន
ភ្នំពេញៈ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២ ខែមេសានេះថា ពាក់ព័ន្ធការលុបបញ្ជីបេក្ខជនខ្លះរបស់គណបក្សភ្លើងទៀនគឺពាក់ព័ន្ធទៅនឹងបណ្តឹង របស់ប្រជាពលរដ្ឋទៅលើបញ្ជីបេក្ខជនដំបូង។ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនេះគឺមានគោលបំណងឲ្យប្រជាពលរដ្ឋ ប្តឹងជំទាស់ទៅនឹងបេក្ខជនក៏បាន ប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនក៏បាន។
លោកបន្តថា ប្រសិនបើមានការប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយប្រជាពលរដ្ឋដែល ជាអ្នកប្តឹងជំទាស់ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននៃគណបក្សនោះនិងហេតុផលនៃការច្រានចោលបញ្ជីបេក្ខជននៃគណបក្សនយោបាយពាក់ព័ន្ធ។
ឯកឧត្តម សោម សូរីដា បញ្ជាក់ទៀតថា ជាមួយការប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងគឺជាការដាក់បន្ទុកលើការទទួល ខុសត្រូវរបស់គណបក្សនយោបាយក្នុងការរៀបចំឯកសារដែលត្រូវភ្ជាប់ជាមួយនិងពាក្យសុំចុះបញ្ជីគណបក្សនយោបាយ (ទម្រង់បែបបទ ១០០៨) ដោយឯកសារនោះមានប្រាំមួយប្រភេទ បើយោងតាមមាត្រា៤២ច្បាប់ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់។
នៅក្នុងករណីមានភាពមិនប្រក្រតីណាមួយនៅក្នុងការរៀបចំឯកសារ ក្នុងចំណោមឯកកសារទាំង៦ មានន័យថាបញ្ជី បេក្ខជននៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិនិងពុំមានសុពលភាពគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតទេ។ ករណីនេះ គឺគ.ជ.ប. ត្រូវបដិសេធបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះហើយ។
អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ថា “បើយើងពិនិត្យមើលនៅក្នុងពាក្យបណ្តឹងប្តឹងសុំលុបបញ្ជីបេក្ខជននៃគណបក្សភ្លើង ទៀន គឺគ.ជ.ប បានរកឃើញនៅអង្គហេតុដែលវាមានលក្ខណៈផ្ទុយនឹងអង្គច្បាប់ពិតប្រាកដមែន។ ជាក់ស្តែងនៅក្នុងឃុំសង្កាត់ដែលមានពាក្យបណ្តឹង គឺគណបក្សភ្លើងទៀនបានជ្រើសរើសយកប្រជាពលរដ្ឋដែលមិនចេះអានចេះសរសេរអក្សរខ្មែរមកធ្វើជាបេក្ខជន ដែលនាំឲ្យជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដែលបេក្ខជនត្រូវបំពេញផ្ទាល់ដៃទេ ប៉ុន្តែបែរជាត្រូវបំពេញជំនួសដោយក្រុមការងាររបស់គណបក្សភ្លើងទៀនទៅវិញ។ ហើយករណីខ្លះបេក្ខជនបានផ្តិតមេដៃ និងមួយចំនួនទៀតមានក្រុមការងារជួយផ្តិមមេដៃជំនួស។ចំណុចនេះហើយគឺជាការក្លែងឯសារមួយនៅក្នុងចំណោមឯកសារទាំង៦ ដែលគណបក្សភ្លើងទៀនបានប្រព្រឹត្ត។ ហើយគ្រប់សវនាការទាំងអស់ដែលនាំទៅដល់ការលុបបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀនគឺសុទ្ធតែបង្ហាញអំពីកំហុសឆ្គងរបស់គណបក្សភ្លើងទៀននៅក្នុងការរៀបចំឯកសារភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយ”។
អ្នកនាំពាក្យ គ.ជ.ប. បានអះអាងថា អ្វីដែល គ.ជ.ប. បានអនុវត្តនោះ គឺពិតជាមានហេតុផលច្បាស់លាស់ហើយជាពិសេស អង្គហេតុ និងអង្គច្បាប់៕ ដោយៈ ពលជ័យ