ប៉ុល ពត បន្លំភ្នែកសាធារណមតិជាតិ និងអន្តរជាតិ

នៅដើមខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញនៃរបបយង់ឃ្នងខ្មែរក្រហមរបស់ ប៉ុល ពត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លាស់ឈ្មោះប្រទេសមកជា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យនេះ ខ្លឹមសារហាក់បីដូចជាគិតគូរពីសុខទុកប្រជាជាតិ និងប្រទេសជាតិខ្លាំងណាស់ ដែលគ្រប់យ៉ាងនៃកម្ពុជាប្រជាធិបតេយ្យជារបស់ប្រជាជនមួយគត់ ឬឱ្យតម្លៃទៅលើសមូហភាព។ ការឱ្យតម្លៃទៅលើសមូហភាព ដែលក្រុមប៉ុល ពត តែងតែនិយាយរត់មាត់ដូចសត្វសេកនេះ កំណត់ថា អង្គការបដិវត្តន៍ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ ប៉ុន្តែធាតុពិត វាគ្រាន់តែជាគ្រឿងបំភាន់ភ្នែកប្រជាជនឯង និងអន្តរជាតិប៉ុណ្ណោះ។ ធាតុពិត រដ្ឋមិនមែនជារបស់ប្រជាជនទេ គឺរដ្ឋបានយកប្រជាជនខ្លួន ដាក់ឱ្យក្លាយជាទាសករ រស់នៅមិនបាននឹងសត្វធាតុ ធ្វើការគ្មានពេលសម្រាករហូតដល់ស្លាប់។ ខ្មែរក្រហម បានរឹបអូសគ្រប់បែបយ៉ាងពីប្រជាជន ទ្រព្យសម្បត្តិ សិទ្ធិរស់នៅជាមូលដ្ឋាន និងសូម្បីតែអាយុជីវិត។ ចំណែកអំណាចធ្វើច្បាប់ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករ។ សភានេះ មានឈ្មោះជាផ្លូវការថា “សភាតំណាងប្រជាជនកម្ពុជា”។ អ្វីដែលយើងគួរហៅនោះ គឺសភាសម្លាប់ប្រជាជន ទើបត្រឹមត្រូវ។ មេដឹកនាំខ្មែរក្រហម ដែលតាំងខ្លួនជាតំណាងប្រជាជន ក្រៅពីបញ្ជាឱ្យប្រជាជនធ្វើការជាទម្ងន់ដោយភាពអត់ឃ្លាន គឺបញ្ជាឱ្យចាប់ចង ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជន ដែលចោទយ៉ាងខ្លីថា ជាខ្មាំង។

រដ្ឋាភិបាល ឬសភាប្រជាជន គឺបង្កើតឡើងគ្រាន់តែជានិមិត្តរូប បំភាន់ភ្នែកសាធារណៈជាតិ និងអន្តរជាតិនៃអំពើផ្តាច់ការរបស់មេដឹកនាំខ្មែរក្រហមប៉ុណ្ណោះ។ ការបោះឆ្នោតជ្រើសរើសអំណាចនីតិប្រតិបត្តិ និងនាយករដ្ឋមន្ត្រី គឺគ្រាន់តែបំភាន់មតិអន្តរជាតិប៉ុណ្ណោះ។ ប្រជាជនថ្មីមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតបានទេ ហើយប្រជាជនមូលដ្ឋានបោះឆ្នោតឱ្យបេក្ខជនដែលរៀបចំឱ្យឈរឈ្មោះដោយ «អង្គការ»។ និយាយរួម គ្មានប្រជាជនណាម្នាក់ធ្លាប់បោះឆ្នោតរើសតំណាងរបស់ខ្លួនឡើយ។

ដោយឡែកនយោបាយក្រៅប្រទេស បើពិនិត្យមើលខ្លឹមសារឃើញថា កម្ពុជាប្រជាធិបតេយ្យ មានសន្ទុះដ៏មុតមាំ ចង់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់ដែលមានព្រំជាប់ជាមួយខ្លួន ហើយនឹងជាមួយប្រទេសជិតឆ្ងាយទាំងអស់លើកសកលលោក។ ប៉ុន្តែធាតុពិត មេដឹកនាំបនឃាតករ ប៉ុល ពត បានដាក់ប្រទេសខ្លួនឯងឱ្យឯកោ និងមានទំនាក់ទំនងជាមួយប្រទេសតិចតួចបំផុត ដែលជាប្រទេសកុម្មុយនីស្តប៉ុណ្ណោះ។ កម្ពុជាប្រជាធិបតេយ្យបានធ្វើទំនាក់ទំនងការទូតជាមួយប្រទេសចិន កូរ៉េខាងជើង វៀតណាម ឡាវ គុយបា រូម៉ានី យូហ្គោស្លាវី អាល់បានី និងអេហ្ស៊ីប។ ប្រទេសទាំងអស់នេះមានស្ថានទូតក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ឯកអគ្គរដ្ឋទូតទាំងអស់ ត្រូវបានបង្ខាំងឲ្យនៅតែក្នុងស្ថានទូតរៀងៗខ្លួន ដោយមិនអាចធ្វើដំណើរទៅណាដោយសេរីបានទេ លុះត្រាតែមានការអនុញ្ញាត ហើយនឹងរៀបចំដំណើរជូន។ ប្រសិនបើមានប្រតិភូទូត ឬបរទេស ចុះទៅទស្សនកិច្ចមូលដ្ឋានណាមួយ ខ្មែរក្រហម តែងតែរៀបចំទុកជាមុន ដោយប្រមូលកម្មាភិបាលរបស់ខ្លួន ដែលមានសាច់ឈាមមាំទាំ មកចាំទទួល ឬសម្តែងជាធ្វើការនៅការដ្ឋានការងារ ជំនួសឱ្យប្រជាជនដែលមានតែរាងកាយស្គមស្គាំងមានតែស្បែកដណ្តប់ឆ្អឹង ស្ទើរដើរពុំរួច រស់នៅពុំស្មើនឹងសត្វធាតុប៉ុណ្ណោះ។ យើងអាចនិយាយបានថា គ្រប់យ៉ាងដែលប្រតិភូបរទេសមួយចំនួន បានឃើញ ឬឮ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួន គឺគ្រាន់តែសម្តីបោកប្រាស់ និងរូបភាពបោកបញ្ឆោតរបស់ ប៉ុល ពត មេពេជ្ឈឃាដខ្មែរក្រហមប៉ុណ្ណោះ។

បើយើងក្រឡេកមើលទៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីកម្ពុជាបានរងនូវការលុកលុយឈ្លានពានពីបរទេស ការទម្លាក់គ្រាប់បែក និងសង្គ្រាមស៊ីវិលអស់រយៈកាល៥ឆ្នាំមក ទីក្រុងភ្នំពេញ ត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃទ័ពព្រៃ ដែលគេហៅថា ខ្មែរក្រហម។ ដោយមិនដឹងថាខ្មែរក្រហមជានរណា ប្រជាជនទីក្រុងភ្នំពេញ ដំបូងបានត្រេកអរ និងស្វាគមន៍ជ័យជម្នះរបស់ពួកគេ ដោយយល់ឃើញថា សន្តិភាពវាល្អប្រសើរជាងសង្គ្រាម ហើយគិតថានឹងរួបរួមជាមួយពួកទ័ពព្រៃនេះកសាងប្រទេសឡើងវិញ។

អ្វីដែលបានកើតឡើងបន្តទៀតបន្ទាប់ពីវត្តមានទ័ពព្រៃនេះ បានធ្វើឱ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើកលែងតែមេដឹកនាំខ្មែរក្រហមប៉ុណ្ណោះ គឺត្រឹមតែមួយសប្តាហ៍ប្រជាជនទីក្រុងភ្នំពេញ និងនៅតាមរួមខេត្ត ប្រជុំជននានា ត្រូវបានជម្លៀសដោយបង្ខំឱ្យទៅរស់នៅធ្វើស្រែចម្ការនៅទីជនបទចុងកាត់មាត់ញក។ គ្រប់គ្នាបានត្រឹមតែដឹងថា នេះជាបញ្ជា«អង្គការ» និងត្រូវតែគោរពបញ្ជាអង្គការបដិវត្តន៍ ដែលជា «ឪម៉ែ»។ អ្នកហ៊ានជំទាស់ប្រឆាំងនឹងត្រូវសម្លាប់ចោល ដោយគ្មានលើកលែង។

បន្ទាប់ពីជម្លៀសប្រជាជនដោយបង្ខំឱ្យទៅរស់នៅធ្វើការយ៉ាងវេទនានៅតំបន់ដាច់ស្រយាលរួចមក អង្គការបដិវត្តន៍របស់ ប៉ុល ពត មេដឹកនាំកំពូលរបស់បនឃាតកខ្មែរក្រហម បានចាប់ផ្តើមកម្មវិធីកំណែទម្រង់ផ្នែកសង្គមរបស់ខ្លួនភ្លាមៗដែលធ្វើឱ្យប៉ះពាល់ក្រឡាប់ចាក់គ្រប់ទិដ្ឋភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។ គោលនយោបាយដែលដាក់ចេញដោយ ប៉ុល ពត បាននាំប្រជាជន និងប្រទេសកម្ពុជា ត្រឡប់ទៅរកចំណុចសូន្យ៕


#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #របបវាលពិឃាត #បន្លំភ្នែក #កម្ពុជាប្រជាធិបតេយ្យ #ប៉ុលពត

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner