សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ក្នុងខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា អមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សិប្បកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំង ឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋា ភិបាលកម្ពុជា អញ្ជើញចុះពិនិត្យសមិទ្ធផលដែលជាហេដ្ឋារចនា សម្ព័ន្ធ ផ្លូវថ្នល់ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលស្ថាបនាសាងសង់រួចរាល់ ក្រោមម្លប់សន្តិភាពនៃមរតក សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានចំណាយពេលប្រមាណពីរម៉ោង ក្នុងការអញ្ជើញមហាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូចធំ និងថ្មីៗដែលប្រសូត្រចេញក្រោមម្លប់សន្តិភាព មរតកសម្តេចតេជោ ហ៊ុន សែន ក្នុងយុគសម័យដ៏ទំនើបយើងនេះ។
សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុង សៀមរាប គឺជាបណ្តាផ្លូវថ្នល់មានលក្ខណៈបចេ្ចកទេស និងគំនូស ប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាព ស្របទៅតាមរូប សាស្រ្ត ទីក្រុងទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ ដែល មានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើ និង ប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ ដីក្រុង សៀមរាប និងផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ចក្ខុវិស័យ ឆ្នាំ២០៣៥។
គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុបជាង ១០៦គីឡូ ម៉ែត្រ បានសាងសង់ស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស និង ទៅតាមប្រភេទខ្សែផ្លូវ ដូចខាងក្រោម៖ ផ្លូវប្រភេទទី១-ជាផ្លូវដែល ស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥សង់ទីម៉ែត្រ (AC-Overlay)។ ផ្លូវប្រភេទទី២-ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចក្រាលបេតុង កៅស៊ូ AC (Asphalt Concrete) កម្រាស់ ៧សង់ទីម៉ែត្រ ពីលើ។ ផ្លូវប្រភេទទី៣-ជាផ្លូវដែលមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើ ដំណើរ ច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុង សរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ។ ផ្លូវប្រភេទទី៤-ជាផ្លូវវាង ក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ ត្រូវបានជួសជុលអ៊ុត ក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) ឡើងវិញ ។ចំណែក កំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មី ឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥ សង់ទីម៉ែត្រ។
គម្រោងខ្សែផ្លូវទាំង៣៨ខ្សែនេះ បានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋមកបណ្តាញលូមេរួមទាំងការងាររៀបចំប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាញ ខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាម ដងផ្លូវ។ ការអនុវត្តគម្រោងខាងលើ ក៏បានរួមបញ្ចូលផងដែរ នូវ ការងារ ស្តារ និងកែលម្អដងស្ទឹងសៀមរាប ចាប់ពីស្ពានរ៉ោករ៉ាក ដល់អាងក្រពើ មានប្រវែងសរុប ៩០៥០ម៉ែត្រ ដែលបានស្ថាបនា ដោយគិតគូរយ៉ាងល្អិតល្អន់លើប្លង់ស្ថាបត្យកម្ម ប្លង់នគរូបនីយកម្ម និងរចនាបថរបស់ខ្មែរដែលរក្សាបាននូវតម្លៃវប្បធម៌ជាតិ ពិសេសគឺ ធានាបាននូវការមិនប៉ះពាល់ដល់វត្ថុបុរាណដែលមាននៅក្នុងស្ទឹង។ ការងារស្តារ និងកែលម្អដងស្ទឹងសៀមរាបនេះ រួមមាន៖ រៀបចំ សណ្តាប់ ធ្នាប់ និងរុះរើសំណង់បណ្តោះអាសន្នតាមដងស្ទឹង, ស្តារ ភក់ ពីបាតស្ទឹង, រៀបចំច្រាំងទប់ដីមិន ឱ្យបាក់ច្រោះតាមដងស្ទឹង, ស្តារនិង កែសម្រួលជម្រាលដងស្ទឹង, សម្អាតនិងពង្រាបដី, ចាក់ បំពេញដីតាមមាត់ស្ទឹង, រៀបចំបង្វែរទឹកកខ្វក់មិនឱ្យហូរចូលស្ទឹង, ចាក់បេតុង និងក្រាលថ្មក្រានីត, រៀបចំខឿនអង្គុយកម្សាន្ត រួមទាំង ការងារ ដាំកូនឈើ ស្មៅជប៉ុន រុក្ខជាតិ និងផ្កាលម្អប្របមាត់ស្ទឹង។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ បានប្រកាសបើកការ ដ្ឋាន សាងសង់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបាន បញ្ចប់ ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ដោយ ប្រើប្រាស់រយៈ ពេល សាងសង់ចំនួន ១៣ខែ សាងសង់ដោយអង្គភាពរដ្ឋចំនួន ៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម (ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត), កងវិស្វកម្ម សម្តេចតេជោ ខេត្តសៀមរាប (ដឹកនាំដោយ ឯកឧត្តម សៀង ណាំ) , កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ ខេង សុមេធ), អគ្គនាយកដ្ឋានសាធារណការ,
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិង ស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់, និងមន្ទីរ សាធារណ ការ និងដឹកជញ្ជូនខេត្តសៀមរាប និងបានត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ ត្រួតពិនិត្យ និងវាយតម្លៃការងារ, និងក្រុមការងារបច្ចេកទេសអន្តរ ក្រសួង ចំនួន៩ក្រុម ដែលប្រចាំការនៅការដ្ឋាន។
គម្រោងនេះបានចំណាយថវិកាអស់ ១៤៩.២១៦.០០០ ដុល្លារ អាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជ រដ្ឋា ភិបាលកម្ពុជា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ជូន កញ្ចប់ថវិកាបន្ថែមចំនួន ៣,៨៥លានដុល្លារអាមេរិក ពោលគឺជួយ សម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងចន្លោះអន្តរកាលនៃវិបត្តិកូវីដ-១៩ ក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ចំនួន ១២.២៩៩ទីតាំង ពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ មកបណ្តាញលូមេ នៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយនឹង ការងារ ស្ថាបនា ចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ មានប្រវែង ២.១៩០ម៉ែត្រ ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបាននិងកំពុងបង្ហាញរូបរាង ដ៏ ស្រស់ត្រកាលនៅលើទឹកដីអច្ឆរិយអង្គរនាពេលនេះ គឺជាសមិទ្ធ ផល ដ៏ត្រចះត្រចង់មួយបន្ថែមទៀត ដែលបានសាងសង់ឡើងដោយ ស្នាដៃកូនខ្មែរសុទ្ធសាធ។ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់ រាជរដ្ឋា ភិបាល កម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប ទាំង អស់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជា ប្រយោជន៍ទូទៅ និងយូរអង្វែង។
ខ្សែផ្លូវទាំង៣៨ខ្សែនេះ បាននិងកំពុងដើរតួនាទីជាហេដ្ឋារចនា សម្ព័ន្ធ ប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងត ភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែ ផ្លូវជាតិ នានា សំដៅជំរុញកំណើនដឹកជញ្ជូនគ្រប់ប្រភេទ កាត់បន្ថយការកក ស្ទះចរាចរណ៍ក្នុងទីក្រុង ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិ ជាពិសេសគឺប្រែក្លាយក្រុងសៀមរាប ឱ្យទៅ ជាទីក្រុងទំនើប សក្តិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជា តំបន់ ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ជាគោលដៅ ទេស ចរណ៍ វប្បធម៌ បេតិកភ័ណ្ឌ ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ មាន ប្រជាប្រិយភាព។ បន្ថែមពីលើនេះ សម្រាប់គម្រោងស្តារ និងកែ លម្អដងស្ទឹងសៀមរាប ដែលបានរៀបចំឱ្យមានជាសួនច្បារ មាន ស្មៅបៃតង ស្រស់ មានកន្លែងហាត់ប្រាណ និងកន្លែងអង្គុយលំហែ កម្សាន្ត ប្រកបដោយផាសុកភាព បាននិងកំពុងលើកមុខ មាត់ក្រុង សៀមរាប ដែលជាទីក្រុងមានមេត្រីភាពជាមួយនឹងតំបន់ បូជនីយ ដ្ឋាន ប្រវត្តិសាស្រ្ត ឱ្យទៅជាទីក្រុងកាន់តែមានភាពស្រស់ស្អាត និងមានសោភ័ណភាព ដែលអាចទាក់ទាញទេសចរពិភពលោក គ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្តបានគ្រប់រដូវកាល និង សក្តិសមបំផុតសម្រាប់ការរៀបចំពិធីបុណ្យប្រពៃណីជាតិធំៗ និងកិច្ចប្រជុំអន្តរជាតិផ្សេងៗផងដែរ។
ទាំងអស់នេះ គឺជាការគិតគូរសព្វគ្រប់ជ្រុងជ្រោយរបស់អគ្គ មគ្គុទ្ទេសក៍ ដ៏ឆ្នើមរបស់កម្ពុជាគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការ ប្រែក្លាយ និងលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បី ល្បាញ នៅលើឆាកអន្តរជាតិបន្ថែមទៀត ជាពិសេសគឺប្រែក្លាយ បញ្ហា ក្នុងអន្តរកាលវិបត្តិកូវីដ-១៩ ទៅជាឱកាសមាស ដែលអាចជួយ បង្កើតមុខរបរការងារបន្ថែម និងលើកស្ទួយជីវភាពរស់នៅរបស់ បងប្អូន ប្រជាពលរដ្ឋអ្នកសៀមរាបយើង ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
នៅក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យសមិទ្ធផលជាប្រវត្តិសាស្រ្ត នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាចំនួន ២០ លានរៀល ដល់សមាគមទូកចុងឃ្នាស ដែលប្រកបរបរដឹកជញ្ជូន ភ្ញៀវទេសចរ។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តស្នាក់នៅ ក្រុង សៀមរាប ដើម្បីអញ្ជើញចូលរួមពិធីពិនិត្យការដ្ឋានសាងសង់ អាកាស យានដ្ឋានអន្តរជាតិអង្គរ ថ្ងៃទី៣មេសា និងពិធីសម្ពោធដាក់ ឲ្យដំណើរការហេដ្ឋារចនាផ្លូវថ្នល់ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ៕ ដោយ៖ វណ្ណលុក