រថយន្តស៊េរីទំនើប អូឌី បុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កង់ក្រឡាប់ផ្ងាជើងម្ខាង នៅមុខបុរីភ្នំពេញថ្មី
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ មានបុរសម្នាក់រួមដំណើរនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀតជាខណ:គ្រួសារ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កង់មុខម្ខាងនិងក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល កាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខបុរីពិភពថ្មី តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីក្មេងចាស់ពីរនាក់ទៀត ជាលក្ខណៈគ្រួសារ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AN-7138 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយមិនប្រយ័ត្នបណ្ដាលឲ្យរេចង្លូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតចេញពីជួរ ចំណែករថយន្តដាច់កង់មុខម្ខាងនឹងក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ខណៈនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបានរងរបួសស្រាលហើយនាំគ្នាស្រវេស្រវាចេញពីរថយន្តរួចបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕