ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់កុំឱ្យយល់ច្រឡំថា ព្រលានយន្ដហោះសៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ចិន ខណៈទីក្រុងរណបមួយទៀត អាចនឹងមាននៅតំបន់នេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំយល់ច្រឡំថា ព្រលានយន្ដហោះ សៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ភាគីចិន ខណៈទីក្រុងរណបមួយទៀត អាចនឹងមាន នៅតំបន់នេះ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅស្រុកសូនិគម ខេត្តសៀបរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានប្រាប់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំយល់ច្រឡំថា ព្រលានយន្ដហោះ សៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ភាគីចិន។ ក្នុងន័យនេះសម្ដេចចង់សំដៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យមកទស្សនាក្នុងប្រទេសកម្ពុជា មិនមែនសម្រាប់តែទេសចរចិននោះទេ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា ខេត្តសៀមរាប អាចនឹងត្រូវរៀបចំ ឱ្យមានទីក្រុងរណបមួយទៀត នៅតំបន់ព្រលានយន្តហោះថ្មី ខណៈខេត្តមួយនេះ មានការអភិវឌ្ឍស្ទើរគ្រប់វិស័យជាបន្តបន្ទាប់។
ជាមួយគ្នានេះ សម្ដេចតេជោនាយកដ្ឋមន្រ្តី បានដាក់បទបញ្ជាឱ្យរដ្ឋាករទឹកខេត្តសៀមរាប ចាត់ចែងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ព្រលានយន្តហោះសៀមរាបថ្មី។
សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ បញ្ជាក់ច្បាស់ៗថា កម្ពុជា មិនត្រូវការយោធាចិន ឬយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។ ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងក្រុមអ្នកវិភាគមួយចំនួន លើការមួលបង្កាច់ថា យោធាចិន នឹងមានវត្តមាន នៅលើទឹកដីកម្ពុជា តាមរយៈការវិយោគ លើព្រលានយន្ដហោះថ្មីជាច្រើន នៅតាមបណ្ដាខេត្ត ជាប់មាត់សមុទ្រ និងខេត្តសៀមរាប ៕ ដោយ វណ្ណលុក