យុវជនឆ្នើម ១០០នាក់ ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមជ័យលាភីអាហារូបករណ៍នឹងជួយកម្ពុជាឆ្ពោះទៅសម្រេចបានអនាគតប្រកបដោយនិរន្តរភាព

ភ្នំពេញ ៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានប្រកាសឈ្មោះបេក្ខភាពឆ្នើម ១០០នាក់ ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេបង្អស់ ។

កម្មវិធីអាហារូបករណ៍នេះ គឺជាកិច្ចផ្តួចផ្តើមមួយក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយនឹងក្រសួង អប់រំ យុវជន និងកីឡា។ បេក្ខភាពដែលទទួលបានអាហារូបករណ៍នេះនឹងបន្តការសិក្សាតាមគោលដៅរបស់ពួកគេ ដោយអាហារូបករណ៍បានជួយកាត់បន្ថយឧបសគ្គនិងការលំបាកដូចជាបញ្ហាហិរញ្ញវត្ថុនៅក្នុងការសិក្សាជាដើម។ អាហារូបករណ៍នេះបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការពង្រីក សក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាពនៃវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការរីកចំរើនផ្នែកសំណង់ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលក្នុងវិស័យធនាគារ និងឿឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្សនៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត ។ លើសពីនេះទៀត វានឹងបើកទ្វារសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ស្ដង់ដាររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានមានប្រសាសន៍ថា៖ «ពួកយើងមានសេចក្តី រំភើប ដែលបានទទួលពាក្យពីបេក្ខជនជាង ១ ៥០០នាក់ ក្នុងរយៈពេល ៣ខែកន្លងមកនេះ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេនេះ។ នៅពេលនេះ ពួកយើងបានធ្វើការជ្រើសរើសបានបេក្ខជនឆ្នើមចំនួន ១០០នាក់ ដោយសង្ឃឹមថាពួកគេទទួលបានគ្រឹះ ដ៏រឹងមាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា»។

នេះគឺជាអាហារូបករណ៍ទ្រង់ទ្រាយធំដំបូងបង្អស់ដែល ផ្តល់ដោយមូលនិធិព្រីនស៍ ដើម្បីពង្រឹងការជឿជាក់ដល់យុវជនកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩។ ដំណើរការនៃការជ្រើសរើសនេះត្រូវបានដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃមូលនិធិព្រីនស៍។ នៅដើមខែកុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បីធ្វើការសម្ភាសន៍។ អាហារូបករណ៍នេះនឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេនៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ គ្រុបកំពុងធ្វើការដើម្បីធានាឲ្យបានថា អាហារូបករណ៍នេះដំណើរការទៅមុខ ឆ្ពោះទៅកាន់គោលដៅដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើកំណែទម្រង់ការអប់រំ យុវជន និងកីឡាដែលត្រូវការជាចាំបាច់។

លោក Gabriel បានបន្ថែមថា៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថានឹងចូលរួមចំណែក ដើម្បី លើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗនៅឆ្នាំនេះ។ លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិតឆ្នើមទាំង ១00នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner