រដ្ឋបាលរាជធានីភ្នំពេញ កំពុងតុបតែងលម្អរសោភណ្ឌភាពទីសាធារណៈ ដាក់បង្គន់អនាម័យចល័ត ប្រមាណ ៣០បង្គន់ នៅក្នុងរាជធានីភ្នំពេញសម្រាប់បុណ្យចូលឆ្នាំថ្មីនេះ
ភ្នំពេញ ៖ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹកតុបតែងលម្អរទីសាធារណៈ រមណីដ្ឋាននិងសួនច្បារនានានឹងពង្រាយដាក់បង្គន់អនាម័យចល័ត ចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី៤ មេសា ២០២២នេះថា យោងតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ពង្រាយ បង្គន់អនាម័យចល័ត ចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះសម្រាប់នៅទីតាំងរមណីដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន ៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញនឹងធ្វើការណែនាំឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅថ្ងៃ០៦ មេសា ២០២២ស្អែកនេះ។
លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏នៅមានការងារមួយចំនួនទៀតដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់លះមែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅនៅតាមសួនច្បារនានា ។
ចំណែកលោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹករាជធានីភ្នំពេញឱ្យដឹងដែរថា អង្គភាពមានគម្រោងបាញ់ទឹកលាងថ្នល់ លាបកំបោរសតាមគល់ឈើជាដើមបាញ់ស្ពេតត្រូតាមបូឌៀរចិញ្ចើមផ្លូវសួនច្បារ រមណីយ៌ដ្ឋាននានាធ្វើយ៉ាងណា លើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត។
មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញបានបញ្ញាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គីសនី និងបំភ្លឺសាធារណៈនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែង លើការតុបតែងភ្លើងបំភ្លឺសាធារណៈនៅតាមដើមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។
ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើការរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ បំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង ។ ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ៕ ដោយ ហេង សម្បត្តិ