ការ​បិទ​ខ្ទប់​ក្រុង​សៀងហៃ​ សាកល្បង​ដែន​កំណត់​នៃ​គោលនយោបាយ​កូវីដ​សូន្យ​របស់​រដ្ឋាភិបាល​ចិន​

កាល​ពី​ចុង​ខែ​មិនា​ ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​សៀងហៃ​ ប្រទេស​ចិន​ បាន​ចាប់​ផ្ដើម​ព្រួយបារម្ភ​ថា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩​ នឹង​ធ្វើ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​លើ​ក្រុង​របស់​ពួកគេ​។ ​ការ​ព្រួយបារម្ភ​អំពី​ការ​បិទ​ខ្ទប់​ បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្អើល​ទិញ​ម្ហូប​អាហារ​។

រដ្ឋបាល​ក្រុង​នេះ​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ ដោយ​សរសេរ​លើ​បណ្ដាញ​សង្គម​ Weiboថា​៖ «សូម​កុំ​ជឿ ឬ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​»​។ លោក​វ៉ូ ហ្វាន​ មន្ត្រី​ក្រុម​ការងារ​ឆ្លើយ​តប​កូវីដ-១៩​មួយ​រូប​ នៃ​ទីក្រុង​សៀងហៃ​បាន​និយាយ​ការ​បិទ​ខ្ទប់​គឺ​មិន​អាច​ធ្វើ​បាន​ទេ «ដោយ​សារ​ក្រុង​សៀង​ហៃ​មិន​ត្រឹម​តែ​សម្រាប់​អ្នក​រស់​ក្នុង​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​»​។

ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ រដ្ឋបាល​ក្រុង​សៀងហៃ​ប្រកាស​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​បំផុត​ ចាប់​តាំង​ពី​ការ​បិទ​ខ្ទប់​ទីក្រុង​វ៉ូហាន​កាល​ពី​ពីរ​ឆ្នាំ​មុន​។ ការ​បិទ​ខ្ទប់​ពី​ដំណាក់​កាល​ត្រូវ​បាន​អនុវត្ត​ ដែល​បំបែក​ក្រុង​សៀងហៃ​ជា​ពីរ ដោយ​យក​ហ័ងពូ​ជា​ព្រំ​។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិនា​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​សង្កត់​ធ្ងន់​អំពី​តម្រូវ​ការ​នៃ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ បង្ក​ដោយ​ជំងឺ​កូវីដ-១៩ និង​វិធានការ​ប្រឆាំង​វា​។ ការ​លើក​ឡើង​របស់​លោក​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​យល់​ឃើញ​ថា​ជា​សញ្ញា​នៃ​ការ​បន្ធូរបន្ថយ​វិធានការ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​។ ការ​បិទ​ខ្ទប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​នេះ​ គឺ​ការ​ច្រានចោល​យ៉ាង​ច្បាស់​នៃ​គំនិត​ថា​ប្រទេស​ចិន​នឹង​បន្ធូរ​បន្ថយ​​វិធានការ​របស់​ខ្លួន​។

រហូត​មក​ដល់​ថ្មីៗ​នេះ​ ប្រទេស​ចិន​អាច​មោទនភាព​ថា​ខ្លួន​បាន​ទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ដោយ​ជោគជ័យ​។ ប៉ុន្តែ​ឥឡូវ​នេះ ការ​វិនិយោគ​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​លើ​ការ​បំបាត់​ជំងឺ​កូវីដ-១៩​ឱ្យ​ស្មើ​សូន្យ​ គឺ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដ៏​ខ្ពស់​ ខណៈ​ពេល​ដែល​ប្រទេស​នេះ​បន្ត​រក​ឃើញ​ការ​កើន​ឡើង​ករណី​វិជ្ជមាន​រាប់​ពាន់​ជា​រៀងរាល់​ថ្ងៃ បើ​ទោះ​បី​ជា​មាន​វិធានការ​កាន់​តែ​តឹងរ៉ឹង​ក៏​ដោយ​។

ការ​បិទ​ខ្ទប់​ភ្លាមៗ​របស់​ក្រុង​សៀងហៃ​ ខណៈ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​នៅ​តែ​បន្ត​កើន​ឡើង បាន​ធ្វើ​ឱ្យ​សំណួរ​មួយ​ចំនួន​អំពី​ប្រសិទ្ធភាព​នៃ​វិធានការ​របស់​ចិន​។ អ្នក​រិះគន់​និយាយ​ថា​ការ​បិទ​ខ្ទប់​បែប​នេះ​គឺ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច ​និង​កាត់​បន្ថយ​សំទុះ​កំណើន ខណៈ​ពេល​ដែល​ទិន្នន័យ​ចេញ​កាល​ពី​សប្ដាហ៍​មុន​បង្ហាញ​ថា​រឿង​នេះ​គឺ​កំពុង​កើត​ឡើង​រួច​ទៅ​ហើយ​។ រីឯ​អ្នកគាំទ្រ​វិញ​បាន​និយាយ​ថា​វិធានការ​នេះ​គឺ​ជួយ​ផ្ដល់​ស្ថិរភាព​ដល់​វិស័យ​ឧស្សាហកម្ម​ និង​ជួយ​សង្គ្រោះ​ជីវិត​។

បន្ថែម​ពី​លើ​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កម្មវិធី​ចាក់​វ៉ាក់សាំង​ផង​ដែរ​។ តួលេខ​ផ្លូវ​ការ​បាន​បង្ហាញ​ថា​ជិត​ ៩០% នៃ​ប្រជាជន​ជាង​ ១,៤ ពាន់​លាន​របស់​ខ្លួន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ ប៉ុន្តែ​អត្រា​ក្នុង​ចំណោម​មនុស្ស​ងាយ​រង​ការ​ឆ្លង​គឺ​ទាប​ជាង​ក្រុម​មនុស្ស​ដទៃ​ទៀត​។ បន្ថែម​ពី​លើ​នេះ​ប្រទេស​ចិន​បាន​ប្រើប្រាស់​តែ​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ខណៈ​វ៉ាក់សាំង​ទាំង​នេះ​មិន​ច្បាស់​ថា​មាន​ប្រសិទ្ធភាព​ការពារ​ពី​មេរោគ​បម្លែង​ថ្មី​ឬ​ទេ​។

ការ​បិទ​ខ្ទប់​ក្រុង​សៀងហៃ​បាន​អូស​បន្លាយ​យូរ​ជាង​ការ​ប្រកាស​រួច​ទៅ​ហើយ​ ដែល​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​ពី​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ អំពី​ការ​លំបាក​នៃ​កង្វះ​ម្ហូប​អាហារ​ និង​ឱសថ​ ហើយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​តើ​នឹង​អូស​បន្លាយ​យូរ​ប៉ុណ្ណា​ ប្រសិន​បើ​ករណី​វិជ្ជមាន​នៅ​បន្ត​កើន​ឡើង​។

អនាគត​នៃ​វិធានការ​តឹងរ៉ឹង​បែប​នេះ​គឺ​ពិបាក​នឹង​ព្យាករណ៍​ណាស់​។ ជា​គោលការណ៍​ វិធានការ​របស់​ចិន​មាន​បំណង​ពន្យារ​ការ​ឆ្លង​ ដើម្បី​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​វ័យ​ចំណាស់​របស់​ខ្លួន​។ ឧទាហរណ៍​នៃ​ការ​រីក​រាលដាល​នៅ​ទីក្រុង​ហុងកុង​ បង្ហាញ​ពី​ផល​ប៉ះពាល់​ធំ​នៃ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​បែប​នេះ​។ ក្នុង​ឆ្នាំ​ ២០២១ ហុងកុង​បាន​រាយការណ៍​ថា​ខ្លួន​គ្មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ទេ​ ប៉ុន្តែ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​នេះ​មេរោគ​អូមីក្រុង​បាន​វាយ​លុក​ទីក្រុង​នេះ ដោយ​ក្នុង​រយៈ​ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​មាន​ករណី​ឆ្លង​ជាង​ ១ លាន​ និង​ករណី​ស្លាប់​ជាង ៧០០០ ជា​ពិសេស​ក្នុង​ប្រជាជន​មិន​បាន​ទទួល​វ៉ាក់សាំង​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner