លោក​ ម៉ាក្រុង ​​ហាក់​ព្យាយាម​រត់​ឱ្យ​ទាន់​គេ​​ក្នុង​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​ ក្រោយ​សន្ទុះ​នៃ​ការ​គាំទ្រ​គូ​ប្រជែង​ហក់​ឡើង​

នៅ​មិន​ដល់​១​សប្ដាហ៍​ទៀត​ទេ​ ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​នឹង​ប្រព្រឹត្ត​ទៅ​ ហើយ​ជោគ​វាសនា​​ក្នុង​នាម​ជា​មេដឹក​នាំ​​របស់​លោក​ អេម៉ានុយអែល ម៉ាក្រុង ​(Emmanuel Macron) ​យ៉ាង​ណា​នោះ​នឹង​ត្រូវ​បាន​កំណត់​ ខណៈ​ដែល​ការ​គាំទ្រ​ទៅ​លើ​បេក្ខជន​ស្ដាំនិយម​ជ្រុល​ដែល​ជា​គូ​ប្រជែង​ គឺ​អ្នក​ស្រី​ Marine Le Pen ​កំពុង​​ស្ទុះ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​​ក្រោយ​នេះ​។​

សន្ទុះ​នៃ​ការ​គាំទ្រ​គូ​ប្រជែង​ តម្រូវ​ឱ្យ​លោក​ ម៉ាក្រុង ​​តម្លើង​សម្លេង​លើ​គោល​នយោបាយ​ដឹក​នាំ​ ក្នុង​យុទ្ធនាការ​​ឃោសនា​រក​សម្លេង​ឆ្នោត​ដ៏​យឺត​យ៉ាវ​របស់​លោក​កាល​ពី​ចុង​សប្ដាហ៍​ ខណៈ​ដែល​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ សេណរីយ៉ូ​អាក្រក់​សម្រាប់​មេដឹកនាំ​បារាំង​​​រូបនេះអាចនឹង​កើត​មាន​ឡើង​ គឺ​​អ្នក​ស្រី ​Le Pen ​អាច​នឹង​ឈ្នះ​។​

ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ស្ថាប័ន​ស្រាវ​ជ្រាវ​បារាំង​ Ifop-Fiducial ​ដែលចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ​បង្ហាញ​ថា​ លោក​ស្រី ​Le Pen ​ទទួល​សម្លេង​គាំទ្រ​ ២១, ៥ ​​ភាគ​រយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​១​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​ ​ខណៈ​ដែល​លោក​ ម៉ាក្រុង​ ទទួល​បាន​សម្លេង​ ២៨ ​ភាគ​រយ​ ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ដទៃ​ៗ​ទៀត​។​

តាម​ទិន្នន័យ​​​នេះ​ បេក្ខជន​​នាំ​មុខ​ទាំង​​​២​​រូប​ ​នឹង​​ឈាន​​​ដល់​ការ​​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២​​​នៅ​​​ថ្ងៃ​​​ទី​​២៤​ ខែ​​មេសា​ ហើយនឹ​ង​កាន់​តែ​​បារម្ភ​សម្រាប់​លោក​ ម៉ាក្រុង ​ក្នុង​ការ​យក​ឈ្នះ​អ្នក​ស្រី​ Le Pen ​​ត្រឹម​សម្លេង​ ៥៣,៥ ​ភាគ​រយ​ ទល់​នឹង​ ៤៦,៥​ ​ភាគ​រយ។​ ​​ចន្លោះ​នេះ​ហាក់​តូច​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ចុង​ក្រោយ​​ក្នុង​ឆ្នាំ​ ២០១៧ ​ដែល​នា​ពេល​នោះ​ លោក​ ម៉ាក្រុង ​​បាន​យក​ឈ្នះ​អ្នក​ស្រី​ Le Pen ​ក្នុង​សម្លេង​បោះឆ្នោត​គាំទ្រ​ ៦៦,១ ​ភាគ​រយ​ ទល់​នឹង​ ៣៣,៩ ​ភាគ​រយ​។​ ​

ការ​ធ្លាក់​ចុះ​នៃ​សន្ទុះ​គាំទ្រ​លោក​ ម៉ាក្រុង ​​ត្រូវ​បាន​គេ​​ផ្សា​ភ្ជាប់​ទៅ​នឹង​លទ្ធផល​មួយ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​យឺត​យ៉ាវ​របស់​លោក​ ដោយ​សារ​រវល់​នឹង​កិច្ចការ​ទូត​ព្យាយាម​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន​​ ​ហើយ​ផ្តោត​លើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​មិន​សូវ​ពេញ​និយម​ រួម​ទាំង​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​ជា​ដើម​។​

ចំណែក​សន្ទុះ​នៃ​ការ​គាំទ្រ​​អ្នក​ស្រី​ Le Pen ​ដែល​​ប្រឆាំង​​នឹង​​អន្ត​ប្រវេសន៍​វិញ​ឯណោះ​​វិញ​​ ​កើន​ឡើង​ក្នុង​រយៈ​ពេល​២-៣​សប្តាហ៍​កន្លង​មក​នេះ​ តាម​រយៈ​ការ​ឃោសនា​គោល​នយោបាយ​របស់​អ្នក​ស្រី​​ដែល​​ផ្តោត​លើ​បញ្ហា​តម្លៃ​នៃកា​រ​រស់​នៅ​ ដែល​ប្រជាជន​បារាំង​រាប់​លាន​នាក់​កំពុង​ជួប​ប្រទះ​ ក្រោយ​តម្លៃ​ហ្គាស​ឡើង​ថ្លៃ​ជាង​ ៣៥ ​ភាគ​រយ​​​ក្នុង​​​ឆ្នាំ​​កន្លង​​ទៅ​។​

លោក​ Nicolas Tenzer ​សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិ​ទ្យាល័យ​ Sciences Po ​​និយាយ​ប្រាប់​កាសែត​ញូវយ៉ងថែមស៍​ថា​៖​ «​វា​ជា​ការ​បំភាន់​ដែល​ថា ​លោក ​ម៉ាក្រុង ​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​។​ ជាមួយ​នឹង​អត្រា​មិន​បោះឆ្នោត​ខ្ពស់​ ដែល​អាច​កើត​មាន​ និង​កម្រិត​នៃ​ការ​ស្អប់​​ប្រធានាធិបតី​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ អាច​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពិត​ប្រាកដ​។​ គំនិត​ដែល​ថា​អ្នក​ស្រី​ Le Pen ​នឹង​ឈ្នះ​ គឺ​​អាច​ទៅ​រួច​​​»​។

ការ​យល់​ឃើញ​បែប​នេះ​ ប្រហែល​​​ជា​មិន​អាច​ទៅ​រួច​កាល​ពី​ខែ​មុន​ នៅ​ពេល​ការ​គាំទ្រ​អ្នក​ស្រី​ Le Pen ​​ដែល​កំពុង​ប៉ុន​ប៉ង​យក​អំណាច​ជា​មេដឹកនាំ​ជា​លើក​ទី​៣​ នៅ​កម្រិត​ទាប​ជាង​សន្ទុះ​ថ្មី​នៅ​ឡើយ​។​ យ៉ាង​ណា​មិញ​ សម្លេង​គាំទ្រ​លោក​ ម៉ាក្រុង​ ​បាន​ធ្លាក់​ចុះ​២​ឬ​៣​ភាគរយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពី​សប្តាហ៍​មុន​ ដោយ​​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ការ​បដិសេធ​របស់​លោក​ក្នុង​ការ​ជជែក​ដេញ​ដោល​ជាមួយ​បេក្ខជន​ផ្សេង​ទៀត​ និង​គោលការណ៍​របស់​លោក​ដែល​ផ្ដោត​លើ​​បញ្ហា​ខាង​ក្រៅ​ដូច​ជា​សង្រ្គាម​ និង​សន្តិភាព​នៅ​អឺរ៉ុប​ សំខាន់​ជាង​ផែនការ​​​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​បារាំង​។​ ​

​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​យុទ្ធនាការ​ឃោសនា​​​ជា​លើក​ដំបូង​កាល​ពី​ចុង​សប្ដាហ៍​ ដែល​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​នឹង​ការ​ចំណាយ​ច្រើន​របស់​ពលរដ្ឋ​បារាំង​លើ​ថ្លៃ​សាំង​ ផ្ទះ​ជួល​ និង​ការ​ចំណាយ​ផ្សេង​ៗ​ លោក​ ម៉ាក្រុង ​សន្យា​ថា​នឹង​វិយោគថែម​ទៀត​​ក្នុង​វិស័យ​អប់រំ​ ​ដំឡើង​ប្រាក់​សោធន​អប្បបរមា​ និង​ផ្តល់​ប្រាក់​រង្វាន់​ដោយ​មិន​បង់​ពន្ធ​ដល់​និយោជិត​ក្នុង​រដូវ​ក្តៅ​នេះ​។​

វា​​មាន​​អារម្មណ៍​​​ថា​ ​ជា​​ពេល​​ដែល​ត្រូវ​តាម​ឱ្យ​ទាន់​គេ​មួយសម្រាប់​លោក​ម៉ាក្រុង​​ បន្ទាប់​​​ពី​​លោក​​ពន្យា​ពេល​ក្នុង​ការ​ប្រកាស​ថា​បន្ត​ឈរ​ឈ្មោះ​បោះឆ្នោត​ ដោយ​​វិនិច្ឆ័យ​​​ថា​​រូបភាព​​របស់​​លោក​​ក្នុង​​នាម​​ជា​​រដ្ឋ​បុរស​ និង​​អ្នក​​បង្កើត​​សន្តិភាព​ ​នឹង​​គ្រប់​គ្រាន់​​ដើម្បី​​ធានា​​ឱ្យ​​លោក​​អាច​កាន់​អំណាច​នៅ​អាណត្តិ​​ទី​២​។​ ​

លោក​ Vincent Martigny សា​ស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅសាកលវិ​ទ្យាល័យ​ Nice ​​និយាយ​​​ថា​៖​​ ​«​ជម្រើស​របស់​លោក​ [ម៉ាក្រុង] ​ក្នុង​ការ​បន្ត​ធ្វើ​ជា​ប្រមុខ​រដ្ឋ​រហូត​ដល់​ទី​បញ្ចប់​ បាន​រារាំង​លោក​ពី​ការ​ក្លាយ​ជា​បេក្ខជន​ពិត​ប្រាកដ​»​។​

សេណារីយ៉ូ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​លោក​ ម៉ាក្រុង ​​​គឺ​ថា​ សម្លេង​គាំទ្រ​របស់​លោក​ លោក​ Éric Zemmour បេក្ខជន​ប្រធានា​ធិបតី​ស្ដាំ​និយម​ជ្រុល​​ម្នាក់​ទៀត​ ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ស្រី​ Le Pen ​ទៅ​លើ​មជ្ឍដ្ឋាន​នយោបាយ​ស្តាំ​និយម​ដែល​ថា​​សាសនា​​អ៊ិស្លាម​ និង​​បារាំង​​មិន​​ត្រូវ​​​គ្នា​​​នោះ ​នឹង​ធ្លាក់​ទៅ​លើ​លោក​ស្រី​ Le Pen ​​ក្នុង​ការ​បោះឆ្នោត​។​ អ្នក​ស្រី​អាច​នឹង​ទាញ​សម្លេង​ឆ្នោត​បន្ថែម​ទៀត​ ពី​អ្នក​បោះឆ្នោត​ពាក់​កណ្ដាល​ស្តាំ​និយម​មួយ​ចំនួន​ ដែល​យល់​ឃើញ​ថា​ អន្តោ​ប្រវេសន៍​គឺ​ជា​បញ្ហា​ស្នូល​ ដូច​នឹង​អ្វី​ដែល​លោក​ Zemmour បាន​សាប​ព្រោះ​នា​ពេល​កន្លង​មក​។​

លោក​ស្រី​ Le Pen ​ដែល​មាន​ទំនោរ​គាំទ្រ​មេដឹកនាំ​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ ​ពូទីន​ ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ដោយ​មិន​ឈប់​ឈរ​ ដោយ​សន្យា​ថា​នឹង​កាត់​បន្ថយ​ថ្លៃ​សាំង​ និង​អគ្គិសនី​ យក​ពន្ធ​លើ​ការ​ជួល​បុគ្គលិក​បរទេស​ឱ្យ​ពេញ​ចិត្ត​នឹង​ជាតិ​ រក្សា​​អាយុ​ចូល​និវត្តន៍​ត្រឹម​​ ៦២ ​ឆ្នាំ​ ខណៈ​លោក​ ម៉ាក្រុង​ ​ចង់​បង្កើន​ដល់​ ៦៥ ​។​

យ៉ាង​ណា​មិញ​ លោក​ ម៉ាក្រុង ​​ព្រមាន​ថា​ ជន​ជាតិ​បារាំង​នឹង​ត្រូវ​ «​ធ្វើ​ការ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​»​ ដែល​ជា​ឃ្លា​ជា​ទី​គោរព​ចំពោះ​អតីត​ប្រធានាធិបតី​ពាក់​កណ្ដាល​ស្តាំ​និយម​លោក​ Nicolas Sarkozy ​ហើយ​ដូច្នេះ​ វា​ជា​មធ្យោបាយ​ដើម្បី​ទាក់​ទាញ​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ Sarkozy ឱ្យ​ងាក​ទៅ​គាំទ្រ​លោក​។

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner