រុស្ស៊ី​បន្ត​ការ​ផ្គត់​ផ្គង់​​ហ្គាស​ ទោះ​​បី​សហភាព​អឺរ៉ុប​​ពិចារណា​​ដាក់​​ទណ្ឌកម្ម​​កាន់​​​តែ​​តឹង​រ៉ឹង​ក្ដី​

រុស្ស៊ី​បន្ត​ផ្គត់​ផ្គង់​​ឧស្ម័ន​ធម្មជាតិ​ (​ហ្គាស)​ តាម​រយៈ​​បំពង់​បង្ហូរ​​សំខាន់​ៗ​ទៅ​កាន់​អឺរ៉ុប​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទោះ​បី​ជា​មាន​ភាព​មិន​ច្បាស់​លាស់​លើ​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​ប្រាក់​ ​និង​ការ​​ពិចារណា​រឹត​បន្តឹង​​ទណ្ឌកម្ម​​ប្រឆាំង​នឹង​​ក្រុង​ម៉ូស្គូ​​​ពី​សហភាព​អឺរ៉ុប​ ដែល​កំពុង​ថ្កោល​ទោស​រុស្ស៊ី​​​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន​ក្ដី​។​

ទិន្នន័យ​ពី​ប្រតិបត្តិករ​ Gascade ​​បង្ហាញ​ថា​ ឧស្ម័ន​ធម្មជាតិ​នៅ​តែ​បង្ហូរ​តាម​បំពង់​ Yamal-Europe ​នៅ​ចំណុច​ព្រំដែន​ Mallnow ​របស់​​អាល្លឺម៉ង់។​​ ​លទ្ធផល​នៃ​ការ​ដេញ​ថ្លៃ​បាន​បង្ហាញ​ថា​ក្រុម​ហ៊ុន​ឧស្ម័ន​យក្ស​រុស្ស៊ី ​Gazprom ​​ បាន​កក់​ទុក​លទ្ធភាព​ដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​​នាពេល​ខាង​មុខ​តាម​រយៈ​ Yamal ​។​ ក្រុម​ហ៊ុន​នេះ​បាន​កក់​ទុក​ ៤,៩ ​លាន​​គីឡូវ៉ាត់​ម៉ោង​/​ម៉ោង​ ​សម្រាប់​យប់​ថ្ងៃ​ចន្ទ​ និង​ ១,៤ ​លាន​គីឡូវ៉ាត់​ម៉ោង​/​ម៉ោង​សម្រាប់​​ថ្ងៃ​​អង្គារ​​​។​​​

ការ​ស្នើ​សុំ​សម្រាប់​ការ​ចែក​ចាយ​ឧស្ម័ន​របស់​រុស្ស៊ី​តាម​រយៈ​ច្រក​ចូល​ Velke Kapusany ​របស់​​ស្លូវ៉ាគី​ពី​អ៊ុយក្រែន​ មាន​ស្ថិរភាព​កាល​ពី​ថ្ងៃច​ន្ទ​ក្នុង​លំហូរ​ជាង​ ៩,៦ ​សែនមេហ្គាវ៉ាត់ម៉ោង​/​ថ្ងៃ ​ខណៈដែ​ល​ហូរ​តាម​បំពង់​ Nord Stream 1 ​ទៅ​​អាល្លឺម៉ង់​នៅ​ជាង​ ៧៣,៤ ​លាន​គីឡូវ៉ាត់​ម៉ោង​/​ម៉ោង​។​

ក្រុមហ៊ុន​​ Gazprom ​​និយាយ​ថា​ ខ្លួន​កំពុង​បន្ត​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​កាន់​អឺរ៉ុប​តាម​រយៈ​អ៊ុយក្រែន​ ស្រប​តាម​សំណើ​របស់​អ្នក​ប្រើប្រា​ស់​អឺរ៉ុប​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សំណួរ​នៅ​តែ​មាន​លើ​ការ​ចែក​ចាយ​នា​ពេល​អនាគត​ ដោយ​គិត​ពី​ការ​ទាមទារ​របស់​វិមាន​ក្រឹមឡាំង​ ដែល​ឱ្យ​អ្នក​ទិញ​​ទូទាត់​ឱ្យ​ក្រុមហ៊ុន​ Gazprom ​ជា​​ប្រាក់​រូប​ ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​អឺរ៉ុប​បដិសេធ​លើ​ការ​ទាមទារ​នេះ​។​ ​

បន្ថែម​ពី​លើ​ភាព​ស្រពិច​ស្រពិល​នៃ​ការ​ទូទាត់​ សហភាព​អឺរ៉ុប​​​ក៏​ជំរុញ​ឱ្យ​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹងរ៉ឹង​លើ​ប្រទេស​រុស្ស៊ី​ ចំពោះ​របាយការណ៍​សម្លាប់​ជន​ស៊ីវិល​របស់​យោធា​រុស្ស៊ី​នៅ​ក្រុង​ប៊ូចា​ក្បែរ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយក្រែន​ ដែល​រុស្ស៊ី​បដិសេធ​ថា​ជា​ការ​រៀប​ចំ​ដើម្បី​បង្ខូច​ឈ្មោះ​របស់​ខ្លួន​។​ចំពោះ​ករណី​នេះ​ អាល្លឺម៉ង់​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ សហភាព​អឺរ៉ុប​នឹង​ «​រឹត​បន្តឹង​យ៉ាង​តឹង​រ៉ឹង​»​លើ​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​បន្ថែម​ទៀត​។​ ប៉ុន្តែ​បន្ថែម​ពី​លើ​សំណើកាត់​ផ្ដាច់​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​ ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក​ Christian Lindner ​​​​បែរ​ជា​បដិសេធ​មិន​បិទ​ការ​នាំ​ចូល​ហ្គាស​ពី​រុស្ស៊ី​ ខណៈ​ដែល​អ៊ីតាលី​ ដែល​​ពឹង​ផ្អែក​ខ្លាំង​លើ​ឧស្ម័ន​ធម្មជាតិ​​​រុស្ស៊ី​ដូច​គ្នា​និយាយ​ថា​​ ខ្លួន​នឹង​មិន​ដាក់​បោះឆ្នោត​វេតូ​លើ​ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​ឡើយ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner