អាល្លឺម៉ង់​នឹង​ចូល​កាន់កាប់​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Gazprom Germania ​ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​ថាមពល​

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ លោក​ Robert Habeck ​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុម​ហ៊ុន​ Gazprom Germania ​ដែល​ជា​អាជីវកម្ម​ពាណិជ្ជកម្ម​ថាមពល​ និង​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុមហ៊ុន​ថាមពល​​រុស្ស៊ី​ Gazprom ​​​នឹង​ត្រូវ​ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឱ្យ​និយតករ​របស់​​អាល្លឺម៉ង់​ជា​បណ្ដោះអាសន្ន​រហូត​ដល់​ចុង​ខែ​កញ្ញា ​ដើម្បី​ធានា​សុវត្ថិភាព​ថាមពល​។​

ការ​ផ្ទេរ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​បណ្ដាញ​សហព័ន្ធ​​ (Bundesnetzagentur)​ទទួល​តួនាទី​ជា​ម្ចាស់​ភាគ​ហ៊ុន​ ហើយ​អាច​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​ផ្គត់​ផ្គង់​ក្នុង​ប្រទេស​ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​កាន់​កាប់​កម្មសិ​ទ្ធ​ក្រុម​ហ៊ុន​ទេ​។​ នេះ​បើ​តាម​ការ​និយាយ​របស់​លោក​ Habeck ​ដែល​បន្ថែម​ថា​ ​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អាល្លឺម៉ង់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ធានា​​ ចំ​ពេល​មាន​វិបត្តិ​ក្នុង​ទំនាក់​ទំនង​ថាមពល​រវាង​​រុស្ស៊ី​។​

វិធានការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ធ្វើ​ឡើង​ ​​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ ​Gazprom ​​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ​ ក្រុម​ហ៊ុន​ Gazprom Germania ​លែង​​​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៀត​ហើយ​​ ប៉ុន្តែ​មិន​​ផ្ដល់​ព័ត៌មាន​លម្អិត​ ឬ​ការ​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​​​។ ឆ្លើយ​តប​នឹង​ការ​ប្រកាស​នេះ​ លោក​ Habeck ​​និយាយ​ថា​ ក្រុមហ៊ុន​ឧស្ម័ន​យក្ស​រុស្ស៊ីផ្ដា​ច់​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​​អាល្លឺម៉ង់​ចេញ​ ដោយ​មិន​ស្វែង​រក​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ និង​បំពាន​ច្បាប់​ពាណិជ្ជកម្ម​បរទេស​របស់​អាល្លឺម៉ង់​។​

​ក្រុម​ហ៊ុន​អាល្លឺម៉ង់​ Gazprom Germania ​ដំណើរ​ការ​កន្លែង​ផ្ទុក​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេស​​ក្នុង​​ក្រុង​ភាគ​ខាង​ជើង​​ Rehden ​នៃ​រដ្ឋ​ Lower Saxony ​ដែល​តំបន់​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គន្លឹះ​នៃ​សុវត្ថិភាព​ថាមពល​របស់​អាល្លឺម៉ង់​​។ ​លោក​ Habeck ​​និយាយ​ថា​៖​ «​​[​ការ​ផ្ទេរ​ការ​គ្រប់​គ្រង​]​នេះ​ក៏​មាន​ន័យ​ថា​ យើង​មិន​អនុញ្ញាត​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​របស់​អាល្លឺម៉ង់​ ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​សម្រេច​ចិត្ត​ទាំង​បំពាន​ពី​វិមាន​ក្រឹម​ឡាំង​នោះ​ទេ​»​។​ ​

​អាល្លឺម៉ង់​​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​ជុំ​វិញ​ការ​លុក​លុយ​អ៊ុយក្រែន​​ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ថាមពល​ពី​រុស្ស៊ី​មក​ទល់​ពេល​នេះ​ ទីក្រុង​ប៊ែរឡាំង​នៅ​តែ​ស្ទាក់ស្ទើ​នឹង​​ពហិការ​បិទ​ការ​នាំ​ចូល​​ប្រេង​ និង​ឧស្ម័ន​របស់​រុស្ស៊ី​ ទោះ​បី​ថ្កោលទោស​យ៉ាង​ម៉ឺង​មាត់​ចំពោះ​របាយការណ៍​សម្លាប់​ជន​ស៊ីវិល​រង្គាល​នៅ​អ៊ុយក្រែន​នា​ពេលថ្មី​​ៗ​នេះ​ក៏​ដោយ​។​ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner