ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២២ របស់មន្ទីរពាណិជ្ជកម្មខេត្តកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរពាណិជ្ជកម្មខេត្តកែប ។

លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជខេត្ត បានឱ្យដឹងថា មន្ទីរបានយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័នដោយបានចាត់បញ្ជូនមន្ត្រីឲ្យចូលរួមវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី ទាំងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញពាណិជ្ជកម្មជាដើម ។ បេីគិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងខេត្ត មានក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងក្រសួងពាណិជ្ជកម្មចំនួន៨៧ ក្នុងនោះក្រុមហ៊ុន ២៦ និងសហគ្រាស ឯកបុគ្គល៦១។ មូលដ្ឋានអាជីវកម្មដែលបានស្នើសុំ លិខិតអនុញ្ញាតអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មនៅការិយាល័យច្រកចេញចូលតែមួយ ក្រុងស្រុក មានចំនួន ១២៨ មូលដ្ឋានអាជីវកម្មសរុប ៤៦៥ ដើម្បីជំរុញ និងលើកទឹកចិត្តដល់អាជីវករ សេវាករ ពាណិជ្ជករ ក្នុងការអនុវត្តកាតព្វកិច្ច ចុះបញ្ជីពាណិជ្ជកម្ម/ស្នើរសុំលិខិតអនុញ្ញាតអាជីវកម្ម មន្ទីរបានចុះផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធចំនួន ១០លើកស្មើនឹងមូលដ្ឋានអាជីវកម្មចំនួន ១០៥កន្លែង បានចុះស្រង់ថ្លៃទំនិញ គណនាសន្ទស្សន៍ថ្លៃទំនិញ ស្រង់ទិន្នន័យបរិមាណផ្គត់ផ្គង់នឹងតម្រូវការទីផ្សារលើមុខទំនិញ ចាំបាច់ប្រចាំជីវភាព ទិន្នន័យស្តុកស្រូវ/អង្ករសរុបចំនួន២២១លើក ស្មើនឹង១០០ ភាគរយ នៃផែនការ ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២១ ខេត្តបាននាំចេញមុខទំនិញជាច្រើនមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងភ្ញៀវទេសចរក្នុងខេត្ត ទីផ្សារក្នុងនិងក្រៅប្រទេស ក្នុងនោះមានដូចជា ម្រេច Glចំនួន ៣៤,៥តោន ស្វាយកែវរមៀ ត ៩,៤៥០តោន ផលិតផល ជលផលសមុទ្រ ៥,៩២៧តោន និងស្រូវចំនួន ១០០តោន។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតសសើរនឹងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងការអនុវត្តទិសដៅ និងផែនការសកម្មភាពរបស់ខ្លួនស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១- ជំរុញអនុវត្តទិសដៅ និងផែនការប្រចាំឆ្នាំរបស់មន្ទីរ អោយមានប្រសិទ្ធភាព នឹងទទួលបានប្រសិទ្ធផលខ្ពស់
ទី២- ជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង/ស្រុក លើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈ និងការអនុវត្តមុខងារវិស័យពាណិជ្ជកម្ម នៅក្នុងថ្នាក់ក្រោមជាតិឲ្យកាន់តែល្អប្រសើរ។
ទី៣- សហការជាមួយស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរ/អង្គភាព និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក ជំរុញអនុវត្តច្បាប់ លិខិតបទដ្ឋាន ក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។
ទី៤- បន្តជំរុញ និងជួយសម្រួលកិច្ចការពាណិជ្ជកម្មដល់វិស័យឯកជន ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។
ទី៥- បន្តតាមដានស្ថានភាពផលិតផលសក្ដានុពលរបស់ខេត្ត និងស្វែងរកទីផ្សារសម្រាប់ផលិតផល ទាំងនោះរួមមាន ផលិតផលកសិកម្ម( ម្រេច,ស្វាយ ,បន្លែ, មាន់ស្រែ…) ផលិតផលជលផល (ផលនេសាទសមុទ្រ) និងផលិតផលផ្សេងៗទៀត ជៀសវាងការកកស្ទះផលិតផល ឫគ្មានទីផ្សារ។
ទី៦- បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងមន្ទីរ និងមហាជនទូទៅ ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ នៃមន្ទីរពាណិជ្ជកម្មខេត្ត។
ទី៧- ពង្រឹងការគោរព នឹងអនុវត្តច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ដោយឈរលើអភិក្រមទាំង៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តម បានណែនាំដល់កងកម្លាំងឲ្យត្រៀមការពាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខផងដែរ ។ ឯកឧត្តម អភិបាល ខេត្ត ក៏បានអញ្ជើញបំពាក់មេដៃ ជូនដល់ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ ដែលមានស្នាដៃល្អ នាពេលកន្លងមក ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner