សមត្ថកិច្ចខេត្តកណ្ដាល កោះហៅ គ្រូតឿ និងបក្សពួកមកវាស់កំពស់ ដើម្បីធ្វើកិច្ចសន្យា អប់រំបញ្ឈប់ ដេីរធ្វេីរឿងឆ្កួតលីលារួចឱ្យវិលត្រឡប់ទៅផ្ទះវិញ
កណ្តាល៖ ក្រោមការដឹកនាំ បញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្តាល បាន កោះហៅ គ្រូតឿ មកវាស់កំពស់ នៅប៉ុស្តិរដ្ឋបាលឃុំ វិហារ សួគ៌ ដើម្បី ធ្វើការ អប់រំ និង ធ្វើ កិច្ចសន្យា បញ្ឈប់ ដេីរធ្វេីរឿងឆ្កួតលីលាបន្តទៀត ។
ការហៅក្រុមថតវីឌីអូបង្ហោះលើផេកហ្វេសប៊ុក គណនីឈ្មោះ គ្រូតឿ មកសាកសួរធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទី នៅក្នុងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្រុមរហ័សនាមគ្រូតឿចំនួន ០៦នាក់ មានឈ្មោះទី១ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកសម្ដែង) ទី២ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក)
ទី៣ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកដឹកនាំសម្ដែង) ទី៤ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ទី៥ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ទី៦ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( អ្នកសម្ដែង) ។
លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ផេកហ្វេសប៊ុកឈ្មោះ Nika Nika បានផុសវីដេអូ សកម្មភាពស៊ីអាចម៌គោ ជាមួយអំបិលម្ទេស ដែលសកម្មភាពនេះ ថតដោយឈ្មោះថូយ រាជាធាន និងបានផុសជាសាធារណៈ។
គួរបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះឈ្មោះ ថូយ រាជាធាន បានបង្កើតផេកហ្វេសប៊ុក រួមមាន៖ ឈ្មោះ អូន យ៉ា ឈ្មោះ នីកា ខេអេក ឈ្មោះ គ្រូតឿ ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ ឈ្មោះ Nika Nika
ឈ្មោះ Jelly Gamer ហើយបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេក ក្រុមហ៊ុន ហ្វេសប៊ុក ដោយឈ្មោះ ថូយ រាជាធាន បាននិពន្ធ និងថត ជាសាច់រឿងបានជាច្រើនរឿងមកហើយ។
ក្រោយមកបានថតរឿង គ្រូតឿ ចេះសិល្ប៍ គ្រូតឿ កាប់មិនមុត និង រឿងស៊ីអាចម៍គោ ចំពោះការ សម្តែងស៊ីអាចម៍គោ គឺពួកគាត់បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡាដែលដាក់ជាប់ និងអាចម៍គោនោះ ធ្វើជាសម្តែង ស៊ីអាចម៍គោពិតប្រាកដ ។
ចំពោះការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលមើលច្រើន ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុមហ៊ុនដាក់ប្រាក់មកឲ្យគឺតាមរយៈធនាគារ ABA , អេស៉ីលីដា និងតាមធនាគារហ្វៃស្បេន ។
រាល់ការសម្តែងទាំងអស់នេះគឺដើម្បី រកប្រាក់ ពីក្រុមហ៊ុនហ្វេសប៊ុក ពុំមានពាក់ព័ន្ធនិងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះដែរ ។
ក្រោយពីសួរនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើកិច្ចសន្យាអប់រំ អ្នកទាំង០៦នាក់ ឲ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះក្នុងបណ្តាញសង្គមបន្តទៅទៀត ៕ ឆ ដា