គ.ជ.ប បដិសេធការចោទប្រកាន់ របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នា ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ការចោទប្រកាន់របស់គណបក្សភ្លើងទៀន ជុំវិញបញ្ហាការ រៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
សេចក្ដីថ្លែងការណ៍របស់ គ.ជ.ប បានបញ្ជាក់ថា សេចក្តី ថ្លែងការណ៍របស់គណបក្សភ្លើងទៀនចុះថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២២ គឺជាការថ្លែងចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដោយ មិនទទួលស្គាល់នូវកំហុស និងកង្វះខាតរបស់ខ្លួនក្នុងការ រៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែល គ.ជ.ប មិនអាចទទួលយកបាន និងសូមធ្វើការបដិសេធចំពោះការ ចោទ ប្រកាន់នេះ ព្រមទាំងសូមបំភ្លឺជូនសាធារណជនជាតិនិង អន្តរជាតិឲ្យបានជ្រាបថា៖
- ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានសមាជិកចំនួន៩រូប ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជន ឬ បញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន គឺបានធ្វើឡើងស្រប តាម គោលការណ៍ច្បាប់ជាធរមាន។
- យោងតាមមាត្រា ៥៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងករណីដែលប្រជាពលរដ្ឋប្តឹងសុំ លុប ឈ្មោះបេក្ខជន ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញ ថា បេក្ខជននោះ មានលក្ខណសម្បត្តិមិនគ្រប់គ្រាន់តាមច្បាប់កំណត់ ក្រុមប្រឹក្សាជំនុំជម្រះ នឹងចេញសេចក្តីសម្រេចលុបឈ្មោះ បេក្ខជន នោះ អនុលោមតាមមាត្រា ៣៥ និងមាត្រា ៤២ នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ផ្ទុយទៅវិញ ក្នុង ករណីដែលប្រជាពលរដ្ឋប្តឹងសុំលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយ ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថា គណបក្ស នយោបាយមានកំហុសខាងផ្លូវច្បាប់ក្នុងការចាត់ចែងរៀបចំបញ្ជីបេក្ខជន ដែលក្នុងនោះមានបេក្ខជនមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចជាមិនចេះអាន មិនចេះសរសេរអក្សរខ្មែរ មិនបានបំពេញ ប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះដោយផ្ទាល់ ដៃខ្លួន ឯង សាមីខ្លួនមិនបានដឹងខ្លួនថាគេឱ្យឈរឈ្មោះជាបេក្ខជន គេផ្តិត មេដៃ ឬចុះហត្ថលេខាជំនួស ដែលកត្តាទាំងអស់នេះធ្វើឱ្យ បញ្ជីបេក្ខ ជនរបស់គណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌ និង លក្ខណសម្បត្តិគ្រប់គ្រាន់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប នឹងសម្រេច លុបបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ស្របតាមមាត្រា ៣៥ មាត្រា ៤២ និងមាត្រា ៦១ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយផ្អែកលើសេចក្តីសម្រេចរបស់ គ.ជ.ប យោងតាមមាត្រា ៦២ នៃច្បាប់នេះដែលចែងថា «ក្នុងករណីប្តឹងជំទាស់ត្រូវបានយល់ព្រម គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធបេក្ខភាព ឬបញ្ជី បេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំង ដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ»។
- ជាងនេះទៀត មុននឹងក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេច គឺមានការស្តាប់ការបំភ្លឺក្នុងសវនាការសាធារណៈដោយភាគីដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីតំណាង ចុងចម្លើយ និងសាក្សីដើមបណ្តឹង ឬចុងចម្លើយ និងការពិនិត្យ ពិចារណាលើអង្គហេតុ និងអង្គច្បាប់។
- ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានរកឃើញករណីមិនប្រក្រតី ជាច្រើន របស់គណបក្សភ្លើងទៀនក្នុងការរៀបចំឯកសារនៃបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយអនុវត្តមិនបានត្រឹម ត្រូវតាមស្មារតីនៃមាត្រា៣៥ មាត្រា៤២ មាត្រា៥៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសបញ្ជាក់ឲ្យ ឃើញពីកង្វះការទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។
*ដោយឈរលើមូលដ្ឋានគតិយុត្តដ៏រឹងមាំដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជន និងបញ្ជីបេក្ខជនមួយចំនួន របស់ គណបក្សភ្លើងទៀន ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។
គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ ព័ន្ធ ទាំងអស់ ត្រូវគោរពច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យខាង តែបាន ដើម្បីការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។
ជាថ្មីម្តងទៀត គ.ជ.ប ជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែល ជាច្បាប់កំពូល មិនមែនជាស្ថាប័ននយោបាយទេ គឺជាស្ថាប័ន បច្ចេកទេស និងអនុវត្តច្បាប់ ព្រមទាំងប្រកាន់គោលការណ៍ របស់ ខ្លួនយ៉ាងច្បាស់លាស់ គឺ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង តម្លាភាព៕ដោយ៖រ៉ាវុធ