មន្ត្រីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម សុខ សូកេន បានបន្តថា តាងនាមឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ព និងផ្សាយពីពិពិធភាពនៃវប្បធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ីសម្រាប់អបអរសាទរពេលវេលាដ៏ឧត្តុង្គឧត្តមនេះ”។ ជាមួយគ្នានេះ ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជាសម្រាប់យន្តការ CICA ឯកឧត្តមបានគូសបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

ជាការឆ្លើយតប ឯកឧត្តម Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១ កន្លងមក។ ឯកឧត្តមក៏បានអបអរសាទរកម្ពុជា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២ និងបានសន្យាថានឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀតក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Kairat SARYBAY ក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថានជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងនូ-ស៊ុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។

សូមជម្រាបថា សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន ឯកឧត្តម Nursultan NAZARBAYEV ដោយមានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សន្តិភាព និងស្ថិរភាពនៅអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ការរីកសាយភាយនៃអាវុធប្រហារប្រល័យ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌។ សន្និសីទនេះ មានប្រទេសសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស និងមានប្រទេសអង្កេតការណ៍ចំនួន០៩ និងមានអង្គការអង្កេតការណ៍ចំនួន៥ ខណៈកម្ពុជាបានចូលជាសមាជិកនៃ CICA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១៕
ដោយ៖ពលជ័យ

ads banner