ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃ 11Proបានសម្រេច ត្រូវជនរងគ្រោះដេញតាមធាក់ផ្តួលចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ11Pro ពីបុរសម្នាក់បានសម្រេច តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមធាក់ឲ្យដួល និងត្រូវពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបេតុងលូប្រាំ កែងផ្លូវវិថីចោមចៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ៃ ប៉ោហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបបដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សុខ ដេន ភេទប្រុស អាយុ២១ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IF-4696 កំពុងដឹកអីវ៉ាន់តាមផ្លូវវិថីចោមចៅ រួចបត់ឆ្វេងមកផ្លូវបេតុងលូប្រាំ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JH-7620 មកតាមក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ11Pro ដែលរូបគាត់(ជនរងគ្រោះ)ទុកនៅឃ្លុបម៉ូតូពីមុខបានសម្រេច រួចជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមនិងស្រែចោរៗ ព្រមទាំងធាក់ផ្ដួលម៉ូតូជនសង្ស័យ ក៏ត្រូវប្រជាពលរដ្ឋជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣តែម្ដង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់ ។ ចំណែកទូរស័ព្ទដៃម៉ាក iPhone 11Pro ត្រូវបានជនរងគ្រោះស្នើរសុំសមត្ថកិច្ចយកទៅប្រើប្រាស់ធម្មតាវិញ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner