ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖ គណបក្សប្រជាជនកម្ពុជា បម្រើប្រជាជនដោយស្មោះស្ម័គ្រ

ភ្នំពេញ​៖ យើងប្រឹងប្រែងណាស់ ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសពេលយើងកំពុងឆ្លងកាត់ការលំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយយើងបានមើលឃើញសកម្មភាពនៃការអនុវត្តការងារជាក់ស្តែងទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ​ នៅថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២២​។ 

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបន្តថា​ ប្រសិនបើយើងគិតពីការចាក់វ៉ាក់សាំងកូវីដ-១៩ មិនថាវ៉ាក់សាំងណានោះទេ សំខាន់យើងមានវ៉ាក់សាំងចាក់ជូនប្រជាជន។ ទោះបីជាកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ បន្ថែមលើសពីនេះទៅទៀតនោះ ប្រសិនបើយើងត្រឡប់ទៅមើលវិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឱ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឱ្យបានជៀសពីមេរោគ ប៉ុន្តែមន្ត្រី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ទៀតផង។ ចេញពីវិធានការទាំងអស់នោះហើយ ទើបយើងមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។ 

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានចោទជាសំណួរថា​ តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារ ដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ? ៕​ 

ដោយ៖ពលជ័យ

ads banner