ពិធីប្រកាសតែងតាំង អភិបាលរងខេត្តរតនគិរី

រតនគិរី ៖ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន ០១រូប ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តរួចមក តំណាងក្រសួងមហាផ្ទែបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងមន្រ្តីរាជការ ដោយអនុក្រឹត្យសម្រេចតែងតាំង លោក ឌុច ចាន់តូ ឋាន្តរស័ក្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់មុខតំណែង ជាអភិបាលរង ខេត្តរតនគិរី ។

លោក ឌុច ចាន់តូ ដែលទើបទទួលបានមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ខិតខំអនុវត្ត និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត, គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ដែលបានចូលរួមចំណែកក្នុងការរក្សាស្ថេរភាពសង្គមបានយ៉ាងល្អប្រសើរ។ ឯកឧត្តម បានផ្តាំផ្ញើដល់គណៈអភិបាលខេត្ត ក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងនេះ ត្រូវរួមគ្នារក្សាស្ថេរភាព ប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្ករអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ។ ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner