សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ពិធីផ្សព្វផ្សាយ របាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ របស់ គ.ជ.ប.ជ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធី ផ្សព្វផ្សាយ របាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ។

យោងតាមរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០២១ និងទិសដៅ អនុវត្ត ឆ្នាំ២០២២ របស់ គ.ជ.ប.ជ បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា នៅតែចាត់ទុក ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាអាទិភាពខ្ពស់ បើទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ បាន កើនឡើងខ្លាំង ព្រមទាំងស្ថានភាពប្រែប្រួល នៃសេដ្ឋកិច្ចពិភព លោក ដែលមានទាំងវិបត្តិសេដ្ឋកិច្ច សង្គ្រាមរ៉ាំរ៉ៃនៅបណ្តា ប្រទេសមួយចំនួន ជួបគ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាដើម) ក្នុងឆ្នាំ២០២១ ក៏ដោយ។ ទាំងនៅតាមបណ្តាក្រសួងស្ថាប័ន ទាំងនៅថ្នាក់ក្រោមជាតិ រហូតដល់នៅតាមខ្សែបណ្ដោយព្រំដែន មន្ត្រីគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ និងបង្ក្រាប អំពើជួញដូរមនុស្ស ដែលជ្រកក្រោមរូបភាពផ្សេងៗ បង្កើតឡើងដោយឧក្រិដ្ឋជន និងបណ្តាញរបស់ខ្លួន ។

ប្រភពដដែលបន្តថាលើសពីនេះទៀត រាជរដ្ឋាភិបាល បានបង្កើន ថវិកាសម្រាប់វិស័យសង្គមកិច្ច ដើម្បីទ្រទ្រង់ជីវភាពកម្មករ ដែល បាត់បង់ការងារ ប្រជាពលរដ្ឋក្រីក្រ ពលករ ដែលវិលត្រឡប់ ក្នុងអំឡុងពេល នៃការបិទខ្ទប់ក្នុងប្រទេសគោលដៅ ដែលមាន ចំនួនច្រើន លើសលប់ រហូតដល់ ១៤០.៦៦៤នាក់ ក្នុងនោះ មានស្រ្តី ៦២.២៩៤នាក់ និងភាគច្រើនជាអ្នកដែលខ្វះលទ្ធភាព ក្នុងការទ្រទ្រង់ជីវភាពពេលត្រឡប់មកវិញ ហើយងាយរងគ្រោះ ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner