អភិបាលខេត្តស្វាយរៀង៖សមិទ្ធផលច្រាំងទន្លេវ៉ៃគោ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព

ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅខេត្តស្វាយរៀងថា សមិទ្ធផលច្រាំងទន្លេវ៉ៃគោនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះបានធ្វើឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លេីង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី ៧ ខែមិនាឆ្នាំ២០២២ ។

ពិធីនេះមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ គណៈអភិបាលក្រុងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោក លោកស្រី នាយក នាយក រងទីចាត់ការ ប្រធាន អនុ ប្រធានអង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងចំណុះសាលាក្រុង លោកចៅសង្កាត់ ទាំង៧ និងលោក លោកស្រីមេភូមិនានាក្នុងក្រុងស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុលបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី ជាច្រាំងទន្លេ សួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានៅថ្ងៃនេះ ដែលប្រវែង ៩៦៧ម៉ែត្រ សួនច្បារ ចំនួន៧សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន៣កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ឈុត) បង្គោលភ្លើង(អំពូលសូឡា) ៨៤បង្គោល ដាំដើមឈើ ៨២ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១កន្លែង ក្លោងទ្វារ ២អមសងខាង។

ឯកឧត្តមបានបន្ថែមថាជាការពិតណាស់កន្លងមកទីនេះយើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់លោកហ៊ុន ណេង ជាអភិបាលខេត្ត នៅឆ្នាំ២០០៣ ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះមានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំ ពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើង វេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ ដូច្នេះហើយទើបនៅឆ្នាំ២០១៨ ក្នុងនាមជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឲ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការ គាំទ្រពីក្រុមប្រឹក្សាខេត្ត លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ឯកឧត្តមបញ្ជាក់ថា ច្រាំងថ្មីនេះ នឹងដើរតួនាទី ៤យ៉ាងសំខាន់ៗ គឺ៖ ទី១,លើកកម្ពស់សោភ័ណភាព ទី២,លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ ទី៣,សម្រាប់ជាវេទិកាប្រ ណាំងទូក និងទី៤,ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង៕ ដោយ ៖ នុត នាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner