រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច តែឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ទោះបីយើងបានធ្វើកិច្ចការងារផ្សេងៗជាច្រើនក៍ដោយប៉ុន្តែការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច នេះឆ្លុះបញ្ចាំងឲ្យឃើញថាទាំងនេះជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់បែបនេះ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានធ្វើសេចក្តីរាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលជ្រាប ថា ឆ្នាំ២០២១ កន្លងទៅ កម្ពុជា មានការបិទខ្ទប់ព្រំដែន ការបិទខ្ទប់តំបន់ ដែលមានហានិភ័យខ្ពស់ ហើយការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ ដោយគំហុកជាង ១៣ម៉ឺននាក់ ក្នុងឆ្នាំ២០២០ និង ១៤០,៦៦៤នាក់ ស្ត្រី ៦២.១៨៤នាក់ ក្នុងឆ្នាំ២០២១ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែនប្រទេសជិតខាង។

លោកជំទាវ បានបន្ដថា ឆ្នាំ២០២១ គ.ជ.ប.ជ បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិ ដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រួមមាន ការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋខ្វះខាត កម្មករកម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារ ដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាដើម។

លើសពីនេះទៀត លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ការបង្កើត និងទ្រទ្រង់ដំណើរការមណ្ឌលចត្តាឡីស័ក មណ្ឌល ឬមន្ទីរពេទ្យព្យាបាល ដោយឥតគិតថ្លៃ ព្រមទាំងបំពាក់សម្ភារបច្ចេកទេស វេជ្ជសាស្ត្រ ថ្នាំព្យាបាល រថយន្តសង្គ្រោះ ព្រមទាំងពង្រាយកម្លាំងគ្រូពេទ្យ មន្ត្រីតាមអង្គភាព មន្ត្រីជួរមុខ កងម្លាំង និងមធ្យោបាយ ជួយសង្គ្រោះប្រជាពលរដ្ឋ ពិនិត្យតាមដានសុខភាព តាំងពីព្រំដែន និងតាមសហគមន៍ ជាពិសេសនោះ យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ រហូតជនបរទេស ដែលស្នាក់អាស្រ័យ និងធ្វើការនៅកម្ពុជា ដោយឥតគិតថ្លៃ ផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា បានយ៉ាងសកម្ម។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរអគុណដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាខិតខំប្រឹងប្រែង ព្រមទាំង ធ្វើសកម្មភាពព្រមៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អំពើជួញដូរមនុស្ស ជាលទ្ធផលក៏ទទួលបានយ៉ាងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ។

សម្ដេចក្រឡាហោម ក៏បានសម្តែងនូវក្តីរីករាយចំពោះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ សម្ដេចក្រឡាហោម បានបន្ដថា ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនិតីវិធីតាមផ្លូវតុលាការ ការកាត់សេចក្ដីដើម្បីផ្តន្ទាទោស ជនល្មើសពាក់ព័ន្ធជួញដូរមនុស្ស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner