គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារសៀវភៅណែនាំ និងឯកសារគោលការណ៍សម្រាប់កម្មវិធីឃោសនាបោះឆ្នោត សរុប ១២ ឯកសារ។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គជប ស្នើសុំ គជប ពិនិត្យ និងសម្រេច រួមមាន៖
១.សៀវភៅណែនាំគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
២.សៀវភៅណែនាំគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃសប) សម្រាប់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៣.ប្រធានបទកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៤.គោលការណ៍នៃការផលិតស្ប៉តរបស់គណបក្សនយោបាយ។
៥.គោលការណ៍សម្រាប់បោះពុម្ព និងផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយ ក្នុងព្រឹត្តិបតគោលនយោបាយគណបក្ស ។
៦.នីតិវិធីចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយ។
៧.បទបញ្ញាកម្មវិធីផ្សព្វផ្សាយគោលនយោបាយ ។
៨.ប្លង់ថតកម្មវិធីផ្សព្វផ្សាយគោលនយោបាយ។
៩.តារាងចាក់ផ្សាយកម្មវិធីតាមវិទ្យុ និងទូរទស្សន៍ ផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
១០. គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់ គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
១១. គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
១២.ការពិនិត្យ និងសម្រេចលើរបាយការណ៍របស់គណៈកម្មការដំឡើងថ្នាក់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អគជ.ប) សម្រាប់ឆ្នាំ២០២២។

បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលតាមស្មារតីនៃអង្គប្រជុំ គជប សម្រាប់ ឱ្យគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) គណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត (គឃសប) និងសម្រាប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អនុវត្តក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner