កាកបាទក្រហមកម្ពុជា ទទួលថវិកា និងអំណោយពីសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានទទួលថវិកា និងអំណោយពីសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ដែលពិធីប្រគល់-ទទួលជំនួយថវិកានេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, ដោយមានការចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ, លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយក នាយកដ្ឋានទំនាក់ទំនង, ឯកឧត្តម វេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព នៅទីស្នាក់ការកណ្ដាលកាកបាទក្រហម កម្ពុជា រីឯសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ដឹកនាំ ដោយលោកស្រី ក្លេខៃ ចិន្ដា និងសហការី ។
លោកស្រី ក្លេខៃ ចិន្ដា សូមកោតសរសើរចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មនានា របស់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ក៏បានលើកឡើងពីកិច្ចការងាររបស់ សមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ក្នុងកិច្ចការពារនិងអភិរក្សសត្វដំរី ជាមួយដៃគូនានា ជាពិសេសជាមួយក្រសួងបរិស្ថាន ។ លោកស្រី បានបញ្ជាក់ថា សព្វថ្ងៃ សមាគមន៍ បានកំពុង និងថែរក្សាការពារសត្វដំរីមួយចំនួន នៅខេត្តរតនៈគិរី ភូមិភាគឥសាននៃប្រទេសកម្ពុជា ។
លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺដើម្បីធ្វើឱ្យសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះ ជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។
លោកជំទាវ ក៏បានថ្លែងអំណគុណចំពោះសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ព្រមទាំងសហការី ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាចំនួន ១០.០០០.០០០រៀល (ដប់លានរៀល) រួមជាមួយក្រូចថ្លុងក្រចេះ ម្រេចកំពត ទឹកឃ្មុំធម្មជាតិ វត្ថុអនុស្សាវរីយ៍ ១ឈុត អាវយឺតសមាគម និងផ្ទាំងគំនូរកូនដំរី ១ផ្ទាំង ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ៕ ដោយ គ្រី សម្បត្តិ