អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបផ្ទះលួចបើកល្បែងស៊ីសង ហ្គេមបាញ់ត្រីមួយកន្លែង
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវនិងកម្លាំងសណ្ដាប់ធ្នាប់ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបផ្ទះលួច បើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងនិងដកហូតបានទូហ្គេមបាញ់ត្រីចំនួនពីរគ្រឿង។ ការចុះបង្ក្រាបនេះ បានធ្វើ ឡើងកាលពីម៉ោងជាង៩ ព្រឹក ថ្ងៃទី០៧ ខែមេសា នៅ ចំណុចផ្ទះល្វែងជួល ស្ថិតនៅតាម បណ្តោយ ផ្លូវK5 ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ប្រភពកម្លាំងសណ្ដាប់ធ្នាប់ដែលចុះអនុវត្តបានប្រាប់ឱ្យដឹងថា ទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ បានដំណើរការ ដោយលួចលាក់ ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ ប្រាប់។ សមត្ថកិច្ចបាន ចុះត្រួតពិនិត្យរដ្ឋបាលឆែកឆេរឃើញ តែកៅអី ដោយផ្ទះខាងលើបានចាក់សោជាប់ទ្វារក្រោយ ហើយ ទូហ្គេម ត្រូវបានម្ចាស់ដោះយកទៅលាក់ដោយ យកក្រណាត់គ្របពីលើ។អាជ្ញាធរ ក៏បាន កាត់សោរចូលទៅ ដក ហូតទូហ្គេមបាញ់ត្រីបានចំនួនពីរគ្រឿង តែក្បាលម៉ាស៊ីន ដែលជាឧបករណ៍បញ្ជា ត្រូវបានម្ចាស់ដោះយកនិងគេច ខ្លួន បាត់។
កម្លាំងសណ្តាប់ នាំគ្នាចូលទៅយកវត្ថុតាងដឹក មកកាន់ សាលាខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ឆៃហួត