សប្បុរសជន បន្តផ្ដល់ថវិកា និងអំណោយ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានទទួលថវិកា និងអំណោយពីក្រុមហ៊ុន ម៉ារីថាម គ្រុប និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ សម្រាប់ បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ដែលពិធីប្រគល់-ទទួលជំនួយថវិកានេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ អាន្នី សុខអាន អនុប្រធានកាក បាទក្រហមកម្ពុជា ដោយមានការចូលរួមពីលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញិកកាកបាទក្រហមកម្ពុជា, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយក នាយកដ្ឋានទំនាក់ទំនង នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រីឯក្រុមហ៊ុន ម៉ារីថាម គ្រុប ដឹកនាំដោយលោកជំទាវ វ៉ាន់ សម្ផស្ស ហេង សិទ្ធី និងសហការី ចំណែកឯធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដឹកនាំដោយ ឌិត សុចល ប្រធាននាយកប្រតិបត្តិ និងសហការី ។

តំណាងក្រុមហ៊ុន ម៉ារីថាម គ្រុប និងប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា សូមកោតសរសើរ ចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មនានារបស់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវ អាន្នី សុខអាន បានយកឱកាសនេះជម្រាបជូនថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺដើម្បីធ្វើឱ្យសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះ ជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។ លោកជំទាវ ក៏បានថ្លែងអំណគុណចំពោះក្រុមហ៊ុន ម៉ារីថាម គ្រុប និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ព្រមទាំងសហការី ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា និងអំណោយជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ម៉ារីថាម គ្រុប បានប្រគល់អំណោយជាថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក, នេះគឺជាលើកទី០៦ហើយ ដែលក្រុមហ៊ុន ម៉ារីថាម គ្រុប បានប្រគល់អំណោយជាថវិកាជូនកាកបាទក្រហមកម្ពុជា។

ចំណែកឯធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានប្រគល់អំណោយជាថវិកាចំនួន ៤០លានរៀល, ម៉ាសចំនួន ២៥០០០ម៉ាស ស្មើនឹង ៥០០ប្រអប់ និងអាល់កុលចំនួន ៧៥០លីត្រ, ហើយនេះគឺជាលើកទី១៦ ដែលធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ប្រគល់ថវិកា និងអំណោយជូនកាកបាទក្រហមកម្ពុជា ។

សូមជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ខួបទី១៥៩ ប្រារព្ធឡើងក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner